អង់គ្លេស៖ ខ្សែការពារមកពីក្លិបហង្សក្រហម Liverpool កីឡាករ Trent Alexander-Arnold កំពុងស្ថិតនៅក្នុងមន្ទិលសង្ស័យអាចនឹងត្រូវដកឈ្មោះចេញភ្លាមៗ ពីបញ្ចីក្រុមជម្រើសជាតិអង់គ្លេសព្រោះតែការប្រកួតមិត្តភាពទល់ជម្រើសជាតិអូទ្រីស រូបគេបានរងរបួសនឹងត្រូវប្តូរចេញ។
កីឡាករវ័យ ២២ ឆ្នាំខាងលើបានរងរបួសក្នុងវគ្គទី២ បន្ទាប់ពីព្យាយាមផ្តាច់បាល់ចេញដោយខ្លួនឯង ខណៈក្រោយពីឃើញការបង្ហាញអារម្មណ៍ឈឺចាប់ខ្លាំងឡើងៗ ក៏ត្រូវបានគ្រូជម្រើសជាតិសម្រេចប្តូរចេញពីទីលានតែម្តង។
យ៉ាងណាក្តី! បើតាមការលើកឡើងរបស់លោក Southgate គ្រូជម្រើសជាតិអង់គ្លេសបានឲ្យដឹងថា ស្ថានភាពរបស់កីឡាករស្លាបស្តាំងរូបនេះ នឹងត្រូវដឹងច្បាស់ក្រោយរយៈពេល ២៤ ម៉ោងបន្ទាប់។ មានន័យថា ត្រូវការពេលវេលាផ្តល់ដល់ក្រុមគ្រូពេទ្យជំនាញដើម្បីពិនិត្យជាមុនសិន។
គួរបញ្ជាក់ផងថា ក្រុមរហស្សនាមតោអង់គ្លេស ស្ថិតនៅក្នុងពូល D រួមជាមួយក្រុមជម្រើសជាតិ ស្កុតឡែន ក្រូអាត និងសាធារណៈរដ្ឋឆែក។ ដោយឡែកការព្រឹត្តិការណ៍លំដាប់កំពូលក្នុងទ្វីបអឺរ៉ុបនេះ នឹងចាប់ផ្តើមដំណើរការពីថ្ងៃទី ១១ ខែមិថុនា នេះរហូតដល់ថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០២១៕