អឺរ៉ុប៖ ជឿជាក់ថាអ្នកគាំទ្រវិស័យបាល់ទាត់ប្រាកដជាបានមើលការប្រកួតនៅព្រឹត្តិការណ៍បាល់ទាត់ទ្វីបអឺរ៉ុប ដែលហៅកាត់ថា Euro ឆ្នាំ២០២០ ហើយដោយមកទល់ពេលនេះ ក្រុមជម្រើសជាតិបារាំង បានធ្លាក់ត្រឹមវគ្គ១៦ក្រុមក្រោមថ្វីជើងរបស់ក្រុមជម្រើសជាតិស្វីស។
កាលណោះ ស្វីស លេងស្មើ បារាំង ៣ ទល់នឹង ៣ ទើបលោកអាជ្ញាកណ្ដាលប្រកាសកាត់សេចក្ដីដោយបាល់ពិន័យ១១ម៉ែត្រ ដោយលទ្ធផលគឺ បារាំង ចាញ់ស្វីស ត្រង់បាល់ប៉េណាល់ទី ៤ ទល់នឹង ៥។
បរាជ័យដ៏គួរឲ្យតក់ស្លុតរបស់មាន់គក បារាំង បានធ្វើឲ្យអ្នកគាំទ្រកើតទុក្ខមិនសុខចិត្ត និងបានធ្វើការដាក់ញ្ញាត្តិតវ៉ា ឲ្យមានការប្រកួតឡើងវិញម្ដងទៀតដោយមានអ្នកគាំទ្រ ជាង ២៤០០០០ នាក់ បានចូលរួមក្នុងយុទ្ធនាការនេះ។
ពួកគេបានលើកឡើងថា តាមច្បាប់នៃបាល់ប៉េណាល់ទី គឺជើងម្ខាងរបស់អ្នកចាំទីត្រូវជាន់លើខ្សែទីជាដាច់ខាត ហើយពួកគេចោទថា អ្នកចាំទីរបស់ស្វីសគឺ Yann Sommer មិនបានជាន់លើខ្សែទីនោះឡើយនៅពេលខ្សែប្រយុទ្ធ Kylian Mbappe ស៊ុតបាល់ប៉េណាល់ទីនេះដែលជាហេតុផលធ្វើឲ្យ Sommer សង្គ្រោះបាល់នេះបាន។
យោងតាម RTL Sport ការតវ៉ានេះបានធ្វើឡើងដោយអ្នកគាំទ្របារាំងតាមរយៈគេហទំព័រ Les Lignes Bougent ប៉ុន្តែខាងសហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុបឬ UEFA ហាក់ដូចជាមិនអើពើនឹងការតវ៉ានេះឡើយដោយគិតថាការសម្រេចរបស់អាជ្ញាកណ្ដាលនិង VAR គឺមានភាពសុក្រិតហើយ៕
ប្រភព៖ allfootballapp