អឺរ៉ុប៖ យោងតាមប្រភពព័ត៌មានក្នុងប្រទេសអេស្ប៉ាញបានឲ្យដឹងថាក្លិបតោខៀវ Chelsea បានចូលប្រជែង ក្លិបអ្នកមានបុណ្យ Bacelona,ក្លិបយក្សបារាំង Paris Saint-Germain និង សេះបង្កង់ Juventus ដណ្ដើមយកខ្សែបម្រើក្រុមហង្សក្រហមLiverpool កីឡាករ Georginio Wijnaldum។
កុងត្រារបស់ Wijnaldum ជាមួយនឹង Liverpool នឹងផុតសុពលភាពត្រឹមដំណាច់ខែមិថុនា ខាងមុខ ដោយសារតែក្លិបមិនអាចបញ្ចុះបញ្ចូលឲ្យខ្សែបម្រើ៣០ឆ្នាំរូបនេះ បន្តកុងត្រាស្នាក់នៅទឹកដីAnfield តទៀត។
Wijnaldum ត្រូវបានគេរាយការណ៍មកថា អាចនឹងទៅធ្វើការជាមួយអតីតគ្រូជម្រើសជាតិហូឡង់លោកRonald Koeman នៅ Barcelona ។
យ៉ាងណាមិញ បើតាមកាសែត Marca ក្រៅពី Barcelona ក្លិបគូប្រជែងរបស់Liverpool នៅ Premier League តោខៀវ Chelsea ក៏កំពុងសម្លឹងមិនដាក់ភ្នែកលើ Wijnaldum ដែរ ។
ខ្សែបម្រើសញ្ជាតិហូឡង់ខាងលើអាចជាការបន្ថែមដ៏ល្អ ក្នុងក្រុមលោក Thomas Tuchel ក៏ព្រោះថាគេមានបទពិសោធ៍ច្រើននៅលីគកំពូលអង់គ្លេស។
គួររម្លឹកដែរថា Wijnaldum បានចំណាយពេល៥ឆ្នាំមកហើយនៅទឹកដី Anfield ក្នុងនោះគេជួយ Liverpool ឈ្នះពានPremier League ពាន Champions League ពាន UEFA Super Cup និង ClubWorld Cup ៕