កាតា៖ ខ្សែប្រយុទ្ធ Lionel Messi បានប្រាប់ឲ្យ Enzo Fernandez ជាមិត្តរួមក្រុមនៅអាហ្សង់ទីន បដិសេធក្លិប Real Madrid និងផ្ទេរទៅ Liverpool ជំនួសវិញ។
Fernandez ដែលមានវ័យត្រឹម២១ឆ្នាំគឺជាតារាឆ្នើមមួយរូបក្នុងក្រុមជម្រើសជាតិអាហ្សង់ទីន ដោយមកទល់ពេលនេះ រូបគេរកបាន១គ្រាប់ហើយនៅព្រឹត្តិការណ៍បាល់ទាត់ពិភពលោក ដោយក្នុងនោះអាហ្សង់ទីន បានឡើងដល់វគ្គផ្ដាច់ព្រ័ត្រហើយក្រោយទម្លាក់ ក្រូអាត ៣-០ រួចមក។
យ៉ាងណាមិញ Enzo Fernandez កំពុងត្រូវក្លិបពីរធំៗនៅអឺរ៉ុបដេញតាម គឺ Real Madrid និង Liverpool ។យោងតាមសារព័ត៌មាន El Nacional គឺ Messi បានប្រាប់ឲ្យ Fernandez ផ្លាស់ទៅចូលរួមជាមួយភាគីលោក Jurgen Klopp ដោយសារមិនចង់ឃើញគេលេងនៅ Real Madrid ដែលជាក្លិបគូប្រជែងធំរបស់ Barcelona នោះឡើយ។
ដូច្នេះហើយនៅខែមករា គឺ កីឡាកររូបនេះទំនងជាផ្លាស់ទៅទឹកដី Anfield ។
គួរបញ្ជាក់ផងដែរថា Enzo Fernandez រកបាន៣គ្រាប់និងបញ្ជូនបាល់៥គ្រាប់ឲ្យក្លិប Benfica ក្នុងការបង្ហាញខ្លួន២៤ប្រកួត៕
ប្រភព៖ sportskeeda