អង់គ្លេស៖ កីឡាករម្នាក់របស់ក្រុមតោខៀវ Chelsea គឺ កីឡាករសញ្ជាតិអង់គ្លេស Mason Mount បានឈ្នះពានរង្វាន់ក្លាយជាកីឡាករឆ្នើមប្រចាំឆ្នាំរបស់ក្រុមតោខៀវ Chelsea នារដូវកាល 2020-2021 នេះ។
កីឡាកររូបនេះនឹងត្រូវបានប្រគល់ជូននូវពានរង្វាន់ជាកីឡាករឆ្នើមប្រចាំឆ្នាំនេះមុនពេលចាប់ផ្តើមការប្រកួតនៅឯ Stamford Bridge នាល្ងាចនេះខណៈដែលក្រុមតោខៀវវិលត្រឡប់មកកីឡដ្ឋាននេះជាលើកដំបូងចាប់តាំងពីខែធ្នូ។ អ្នកគាំទ្រត្រូវបានស្នើឱ្យជ្រើសរើសកីឡាករឆ្នើមរបស់ពួកគេក្នុងរយៈពេល ៩ ខែកន្លងមកនេះតាមរយះការបោះឆ្នោតតាមអ៊ិនធឺរណែតហើយ Mason Mount គឺជាកីឡាករម្នាក់ដែលទទួលបានសំឡេងគាំទ្រភាគច្រើន។
កីឡាករ Mason Mount គឺជាកីឡាករសំខាន់មួយរូបនៅក្រោមការដឹកនាំទាំង Frank Lampard និង Thomas Tuchel ហើយរូបគេជាកីឡាករដែលលេងបានច្រើនប្រកួតនិងមានពេលវេលាលេងច្រើនជាងកីឡាករផ្សេងទៀតរបស់ក្រុមតោខៀវនៅគ្រប់ការប្រកួតទាំងអស់។ បច្ចុប្បន្នកីឡាករខ្សែបម្រើកណ្តាលរូបនេះបានដើរតួជាកីឡាករម្នាក់យ៉ាងសំខាន់ដែលបានជួយឧ្យក្រុមតោខៀវ Chelsea បន្តឈានទៅវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ UCL ដែលត្រូវប្រកួតនាពេលខាងមុខនេះជាមួយក្រុម Manchester City៕