អង់គ្លេស៖ ក្លិបហង្សក្រហម Liverpool នឹងចាប់ផ្ដើមចរចាជាមួយអ្នកចាំទី Alisson Becker លើការបន្តកុងត្រាថ្មី បន្ទាប់ពីគេវិលត្រឡប់ពីជួយក្រុមជម្រើសជាតិប្រេស៊ីលក្នុងព្រឹត្តិការណ៍ Copa America ។
Alisson កំពុងស្នាក់នៅឯប្រទេសប្រេស៊ីល ដែលពេលនេះកំពុងរៀបចំខ្លួនក្នុងការប្រកួតវគ្គជម្រុះបាល់ទាត់ពិភពលោក ហើយការប្រកួតនៅ Copa America នឹងចាប់ផ្ដើមឡើងនៅថ្ងៃទី១៣ខែមិថុនា ដែល ប្រេស៊ីល ទទួលធ្វើជាម្ចាស់ផ្ទះផងដែរ។
Sportmail បានបង្ហើបឲ្យដឹងថាភាគីលោកគ្រូបង្វឹក Jurgen Klopp ចង់ចងជើង Alisson ឲ្យកាន់តែឆាប់កាន់តែល្អបើទោះបីជាកុងត្រារបស់គេនៅសល់រហូតដល់ឆ្នាំ២០២៤ ក្ដី។
តាំងពី ផ្ទេរពី Roma មកទឹកដី Anfield កាលឆ្នាំ២០១៨មក គឺ អ្នកចាំទីវ័យ២៨ឆ្នាំរូបនេះបានជួយ Liverpool លើកពាន Champions League និង Premier League ថែមទាំងបានក្លាយជាកីឡាករស្នូលដែលក្រុមមិនអាចអត់បាន។
ខណៈនោះដែរ អ្នកចាំទី Adrian ក៏ជិតនឹងឈានដល់ការព្រមព្រៀងបន្តកុងត្រាជាអ្នកចាំទីសាកួររបស់ក្រុមដែរបើទោះបីជាគេត្រូវក្លិប Real Betis ចាប់អារម្មណ៍ចង់ទិញយកក៏ដោយ។
ឯ អ្នកចាំទីវ័យក្មេង Caoimhin Kelleher ក៏នឹងត្រូវក្លិបដាក់ឲ្យក្លិបផ្សេងខ្ចីជើងនៅរដូវកាលក្រោយ ដោយសារតែ Liverpool គិតថាគេនៅត្រូវការពេលវេលាហ្វឹកហាត់បន្ថែម៕
ប្រភព៖ dailymail