អឺរ៉ុប៖ យោងតាមការចុះផ្សាយរបស់កាសែត TheTelegraph បានឲ្យដឹងថា លោក Paulo Fonseca បានព្រមព្រៀង ធ្វើជាអ្នកចាត់ការថ្មីរបស់ក្រុមមាន់ខ្នាយមាស TottenhamHotspur ។
Spurs បានចំណាយពេលយូរណាស់មកហើយ ក្នុងការស្វែងរកគ្រូបង្វឹក ដើម្បីមកបន្តតំណែងលោកJose Mourinho ក្នុងនោះពួកគេធ្លាប់ដាក់គោលដៅចង់បានលោក Brendan Rodgers, Hans Dieter Flick និង Julian Nagelsmann ជាដើម។
ខណៈកាលពីពេលថ្មីៗ កន្លងទៅនេះ Spursក៏បានធ្វើការចរចាជាមួយអតីតគ្រូបង្វឹកក្រុម Chelseaនិង Inter Milan លោក Antonio Conte ផងដែរ ប៉ុន្តែការចរចារវាងប្រធានក្លិប លោក Daniel Levy និងគ្រូបង្វឹកសញ្ជាតិអ៊ីតាលី មិនត្រូវរូវគ្នា ។
ក្រោយបរាជ័យក្នុងការចរចាជាមួយលោក Conte ក្លិបដែលមានមូលដ្ឋាននៅភាគខាងជើងទីក្រុងឡុងដ៍មួយនេះ បានបង្វែរចំណាប់អារម្មណ៍ទៅកាន់អតីតគ្រូក្រុមRoma លោក Fonseca។ ជាមួយគ្នានេះ កាសែត Telegraph បានឲ្យដឹងថា បន្ទាប់ពីបានចរចានៅក្នុងសប្ដាហ៍នេះ លោក Fonseca បានយល់ព្រមកុងត្រា២ឆ្នាំ ជាមួយនឹងជម្រើសអាចបន្ថែម១ឆ្នាំទៀតដើម្បីមកជំនួសតំណែងលោក Mourinho ។
គួររម្លឹកដែរថា លោក Fonseca បានដឹកនាំ Roma ឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់ Europa League កាលពីរដូវកាលមុនប៉ុន្តែក្រោយបញ្ចប់រដូវកាល លោកក៏ត្រូវបាន Roma បញ្ចប់តួនាទី ជំនួសមកវិញ ដោយលោក Mourinho ដែលជាអតីតគ្រូ Spurs នេះឯង៕
ប្រភព៖ dailymail