អឺរ៉ុប៖ ក្រុមស្ដេចស Real Madrid ត្រូវគេរាយការណ៍ថាកំពុងចង់លក់កីឡាករ Dani Ceballos កំលុងទីផ្សារដោះដូរកីឡាករនារដូវក្ដៅនេះ។
ពិតណាស់ Ceballos បានចំណាពេល២រដូវកាលចុងក្រោយលេងនៅក្រុមArsenal ក្នុងនាមជាកីឡាករខ្ចីជើង ដោយបានបង្ហាញខ្លួនចំនួន៧៧ប្រកួត តែទោះជាយ៉ាងណា ក្រុមកាំភ្លើងធំមិនបានចុះហត្ថលេខាយកជាកីឡាករអចិន្ដ្រៃយ៍នោះទេ។
ខ្សែបម្រើវ័យ ២៤ឆ្នាំរូបនេះ ទំនងមិនស្ថិតក្នុងផែនការរបស់គ្រូបង្វឹកថ្មីក្រុមសេ្ដចសលោក CarloAnocelotti សម្រាប់រដូវកាល២០២១/២០២២ខាងមុខនេះទេ ខណៈលេចឮថាក្រុម ACMilan ស្ថិតក្នុងចំណោមក្រុមមួយចំនួនទៀត ដែលចាប់រម្មណ៍លើរូបគេ។
យោងតាមសារព័ត៌មាន ABC បានឲ្យដឹងថា Real Madrid ចង់វៃ៉ចេញកីឡាករសញ្ជាតិអេស្ប៉ាញរូបនេះកំឡុងទីផ្សារដោះដូរបច្ចុប្បន្នដោយចង់បានតម្លៃខ្លួន ៤០លានអឺរ៉ូ (ឬប្រមាណ ៤៧លានដុល្លារអាមេរិក) ដែលតម្លៃនេះអាចនឹងថ្លៃសម្រាប់AC Milan ។
គួរឲ្យដឹងដែរថា Ceballos បានផ្ទេរពីក្រុម Real Betis មកក្រុម Real Madrid ក្នុងឆ្នាំ២០១៧ដោយក្នុងរយៈពេល ២រដូវកាលដំបូង រូបគេបង្ហាញខ្លួនបាន៥៦ប្រកួត មុនពេល Arsenal ខ្ចីជើង។ ហើយកុងត្រាជាមួយក្រុម Real Madrid នឹងផុតកំណត់នាខែមិថុនាឆ្នាំ២០២៣ ខាងមុខនេះ៕
ប្រភព៖ sportsmole