អេស្ប៉ាញ៖ ក្ដីស្រមៃរបស់ លោកប្រធាន Joan Laporta នៃក្លិបអ្នកមានបុណ្យ Barcelona ចង់ទិញយកខ្សែការពារ Matthijs de Ligt ពីក្លិបសេះបង្កង់ Juventus នៅរដូវក្ដៅ នេះបើយោងតាមការរាយការណ៍ពីប្រភពមួយនៅប្រទេសបារាំង។
កីឡាករសញ្ជាតិហូឡង់រូបនេះស្ទើរតែផ្លាស់មក Barcelona តាមមិត្តរួមក្រុមនៅ Ajax គឺ Frenkie De Jong កាលពីឆ្នាំ២០១៩ ទៅហើយប៉ុន្តែ Cristiano Ronaldo ដែលលេងនៅ Juventus បានបញ្ចុះបញ្ចូល De Ligt ឲ្យមកលេងនៅអ៊ីតាលីវិញដោយមានតម្លៃខ្លួន ៩៥.៥លានដុល្លារ ទើប Barcelona បានត្រឹមខកចិត្ត។
ប៉ុន្តែសារព័ត៌មាន Le10 Sport បានបង្ហើបថា ក្លិបយក្សនៅតំបន់កាតាឡាន់មួយនេះមិនបោះបង់ចោលការទិញយក de Ligt ងាយៗទេនិងត្រៀមដាក់សំណើទិញយកកីឡាករវ័យ២១ឆ្នាំរូបនេះក្រោយព្រឹត្តិការណ៍ Euro ចប់សព្វគ្រប់។
សារព័ត៌មាននេះក៏រាយការណ៍ដែរថា Barcelona ទំនងជាដាក់ខ្សែប្រយុទ្ធ Antoine Griezmann ឬ Ousmane Dembele ប្ដូរយក de Ligt មកវិញប៉ុន្តែ Juventus មិនចង់ដោះលែងគេងាយៗឡើយ។
យោងតាម La Gazetta Dello Sport គឺ de Ligt នៅតែជាកីឡាករសំខាន់ស្ថិតក្នុងគម្រោងលោកគ្រូបង្វឹក Massimiliano Allegri ដដែលស្របពេលរដូវកាលមុនគេបង្ហាញខ្លួនបាន៣៦ប្រកួត៕
ប្រភព៖ dailymail