អង់គ្លេស៖ ក្លិបមេឃខៀវ Manchester City បានត្រៀមខ្លួនរួចជាស្រេចក្នុងការប្រជែងយកខ្សែបម្រើ Declan Rice ពី West Ham ខណៈដែល Manchester United ក៏កំពុងចាប់អារម្មណ៍ជម្រើសជាតិអង់គ្លេសរូបនេះដែរ។
ប៉ុន្តែភាគីលោកគ្រូបង្វឹក Pep Guardiola ចង់ទិញយកគេនៅរដូវក្ដៅឆ្នាំក្រោយ ពុំមែននាពេលទីផ្សារដោះដូរកីឡាករនាខែមករាខាងមុខនេះនោះឡើយដោយ West Ham ដាក់តម្លៃខ្លួនកីឡាកររូបនេះចំនួន១០០លានផោន(ស្មើនឹងប្រមាណ១៣៩លានដុល្លារ)។
Man City ចាំឃ្លាំមើលសមត្ថភាពរបស់ Rice តាំងពីគេបានចូលលេងនៅឈុតធំរបស់ West Ham មកម៉្លេះ ដែលមកទល់ពេលនេះ Rice បានវិវត្តន៍ខ្លួនក្លាយជាខ្សែបម្រើឆ្នើមម្នាក់របស់ជម្រើសជាតិអង់គ្លេសដោយក្លិបចង់យកគេមកជំនួស ខ្សែបម្រើ Fernandinho ដែលទំនងជាមិនបន្តការស្នាក់នៅទឹកដី Etihad ដល់រដូវកាលក្រោយទៀតឡើយ។
ខណៈនោះដែរ ប្រធានផ្នែកដឹកនាំរបស់ Manchester United គឺលោក John Murtagh និង Darren Fletcher បានដាក់គោលដៅចង់ទិញយកកីឡាករវ័យ២២ឆ្នាំនេះដែរ។
Declan Rice នៅសល់កុងត្រាជាមួយ West Ham រហូតដល់៣ឆ្នាំទៀតឯណោះហើយគេរីករាយក្នុងស្នាក់នៅកីឡដ្ឋាន London៕
ប្រភព៖ thesun