អង់គ្លេស៖ ក្លិបកាំភ្លើងធំ Arsenal បានប្រកាសជាផ្លូវការហើយថាខ្សែការពារ David Luiz, Martin Odegaard ,Dani Ceballos និង Mat Ryan នឹងចាកចេញពីទឹកដី Emirates បន្ទាប់ពីរដូវកាលនេះចប់សព្វគ្រប់។
Luiz ដែលជាខ្សែការពារផ្ទេរពី Chelsea មក Arsenal កាលពីឆ្នាំ២០១៩ បានប្រាប់មិត្តរួមក្រុមទាំងអស់ថាគេសម្រេចចិត្តចែកផ្លូវជាមួយក្លិបត្រឹមនេះ តាំងពីខែឧសភាមកម៉្លេះ ដោយបានបង្ហាញខ្លួន ៧៣ប្រកួត ប៉ុន្តែនៅរដូវកាលនេះគេមិនសូវបានចូលលេងដោយសាររងរបួស។
កីឡាករសញ្ជាតិប្រេស៊ីលរូបនេះបានជួយលោកគ្រូបង្វឹក Mikel Arteta លើកពាន FA Cup និង Community Shield កំលុងពេលពីរឆ្នាំដែលស្នាក់នៅក្លិប។
យ៉ាងណាមិញ David Luiz មិនមែនជាកីឡាករតែមួយរូបដែលចាកចេញនោះឡើយ ខ្សែបម្រើ Martin Odegaard និង Dani Ceballos ដែល Arsenal ខ្ចីជើងពី Real Madrid ក៏ចាកចេញដែរបន្ទាប់ពីកិច្ចសន្យាខ្ចីជើងបានបញ្ចប់។
Odegaard បានផ្ទេរមកទឹកដី Emirates កាលពីខែមករា ខណៈ Ceballos ស្នាក់នៅទីនេះរយៈពេលពីររដូវកាលមកហើយដោយ Arsenal ក៏ព្យាយាមទិញយកកីឡាករពីររូបនេះផ្ដាច់ដែរ ប៉ុន្តែក្លិបត្រូវបង់ប្រាក់ច្រើនទើបបានតែដកខ្លួនថយមកវិញ។
អ្នកចាំទី Mat Ryan ដែលផ្ទេរពីក្លិប Brighton មក Arsenal ក្នុងលក្ខខណ្ឌខ្ចីជើងដែរនោះក៏ត្រូវបានគេរាយការណ៍ថានឹងវិលត្រឡប់ទៅក្លិបដើមវិញដូចគ្នា ខណៈដែលគេចូលលេងឲ្យ Arsenal បានតែ៣ប្រកួតគត់៕
ប្រភព៖ dailymail