អឺរ៉ុប៖ ខ្សែការពារស្លាបស្តាំរបស់ក្រុម Manchester United កីឡាករ Aaron Wan-Bissaka នឹងត្រូវផ្តល់សេចក្តីទុកចិត្តឱ្យទៅលេងតំណែងខ្សែការពារកណ្តាលវិញប្រសិនបើក្លិបអាចនាំយកកីឡាករ Kieran Trippier របស់ក្រុម Atletico Madrid បាន។
ជាការពិតណាស់ Trippierបច្ចុប្បន្នគឺមានវ័យ ៣០ ឆ្នាំទៅហើយ, ខណៈពេលនេះគាត់កំពុងតែមានបំណងចង់ផ្លាស់មកកាន់ទឹកដីអង់គ្លេសវិញហើយក្នុងនោះក៏មានរបាយការណ៍មួយចំនួនបានចុះផ្សាយថា ខ្សែការពារស្លាបស្តាំរូបនេះកំពុងតែស្វែងរកផ្ទះនៅភាគពាយ័ព្យនៃប្រទេសអង់គ្លេសដែលបែបនេះត្រូវបានគេជឿជាក់ថា គាត់នឹងអាចផ្លាស់មកកាន់ទឹកដី Old Traffordឆាប់ៗ។
លោក Ole Gunnar Solskjaerជឿជាក់ថា ទម្រង់របស់គាត់គឺត្រូវការខ្សែការពារស្លាបស្តាំដែលអាចបានទាំងការពារនិង ប្រយុទ្ធ ប៉ុន្តែសម្រាប់ Wan-Bissaka ដែលលេងទម្រង់នេះបច្ចុប្បន្នគុណភាពរបស់គាត់គឺអាចតែការពារប៉ុណ្ណោះរីឯការលេងប្រយុទ្ធវិញគឺគាត់មិនអាចធ្វើបាននោះទេ។
ទោះបីជាយ៉ាងណាក៏ដោយ លោក Solskjaerគឺមិនចង់ឱ្យ Wan-Bissaka អង្គុយនៅកៅអីបម្រុងនោះទេ ប្រសិនបើ Trippier មកដល់ ហើយបើយោងតាមការចុះផ្សាយរបស់កាសែត The Sun បានឱ្យដឹងថា អ្នកចាត់ការសញ្ជាតិ ន័រវេស នឹងរុញឱ្យ Bissakaទៅលេងនៅតំបន់ខ្សែការពារកណ្តាលវិញ ប្រសិនបើ ManUTD អាចយក Trippier បាន៕
ប្រភព៖ Metro