អាល្លឺម៉ង់៖ តុលាការក្រុង Munich បានសម្រេចផាកពិន័យ ខ្សែការពារ Jerome Boateng ដែលជាអតីតកីឡាកររបស់ក្លិប Bayern Munich និងបច្ចុប្បន្នលេងឲ្យក្លិប Lyon បន្ទាប់ពីជាប់ចោទចំពោះរឿងក្ដីប្រើអំពើហិង្សាលើទៅអតីតមិត្តស្រីនិងកូនរបស់គេទាំងពីរនាក់។
Boateng បានចូលខ្លួនមកស្រាយបំភ្លឺនៅតុលាការឯក្រុង Munich កាលពីថ្ងៃទី៩ខែកញ្ញាម្សិលមិញដើម្បីឆ្លើយសំណួរដែលពាក់ព័ន្ធនឹងការចោទប្រកាន់នេះ។
អតីតមិត្តស្រីរបស់កីឡាករសញ្ជាតិអាល្លឺម៉ង់រូបនេះមានឈ្មោះថា Sherin S. បានចោទប្រកាន់ថា Boateng បានប្រើអំពើហិង្សាលើនាងពេលពួកគេឈ្លោះគ្នាកាលពីបីឆ្នាំមុននៅពេលទាំងពីរនាក់បានទៅលំហែកាយជាមួយគ្នា។
បន្ទាប់ពីឆ្លងកាត់ការស្រាវជ្រាវ តុលាការបានរកឃើញថា Jerome Boateng ពិតជាបានប្រព្រឹត្តិទង្វើនេះមែននោះខណៈដែល Boateng ធ្លាប់និយាយការពារខ្លួនថាគេមិនបានធ្វើទេហើយការចោទប្រកាន់នេះគឺគ្មានភ័ស្តុតាងច្បាស់លាស់។
យ៉ាងណាមិញ Jerome Boateng ត្រូវបង់ប្រាក់ផាកពិន័យចំនួន២.១លានដុល្លារ ពាក់ព័ន្ធនឹងករណីប្រើប្រាស់អំពើហិង្សានេះ៕
ប្រភព៖ bbc