អេស្ប៉ាញ៖ កុងត្រារបស់ខ្សែការពារ Sergio Ramos នឹងអស់សុពុលភាពនៅចុងខែនេះហើយប៉ុន្តែមកទល់ពេលនេះមិនទាន់មានការប្រកាសជាផ្លូវការណាមួយឡើយថាគេប្រមបន្តកុងត្រាថ្មី។
អតីតកីឡាកររបស់ Sevilla រូបនេះផ្ទេរមកទឹកដី Santiago Bernabeu កាលពីឆ្នាំ២០០៥ ហើយយោងតាមការរាយការណ៍គេបានទាមទារឲ្យ Real Madrid បន្តកុងត្រាចំនួន២ឆ្នាំ ប៉ុន្តែក្លិបយល់ព្រមបន្តឲ្យតែ១២ខែប៉ុណ្ណោះ។
យ៉ាងណាមិញ ថ្មីៗនេះលេចឮពាក្យចចាមអារ៉ាមថា Real Madrid មានការខឹងសម្បារនឹង ប្រធានក្រុមរូបនេះខ្លាំងណាស់ ដោយសារតែ Ramos បាននិយាយប្រាប់មិត្តរួមក្រុមទាំងអស់មិនឲ្យទទួលយកការកាត់ប្រាក់ខែព្រោះក្លិបធ្វើបែបនេះដើម្បីមានលុយទិញយកខ្សែប្រយុទ្ធ Kylian Mbappe ប៉ុណ្ណោះ។
ដូច្នេះទើបអនាគតរបស់គេនៅមានភាពស្រពេចស្រពិលខណៈ Real Madrid ក៏បាននាំយកខ្សែការពារ David Alaba ពី Bayern Munich ផងដែរ។
Sergio Ramos ត្រៀមខ្លួននឹងចាកចេញបើសិនគេមិនបានទទួលសំណើល្អជាងនោះ ស្របពេលក្លិប Paris Saint-Germain កំពុងសម្លឹងចង់បានតារាឆ្នើមរូបនេះ។
កីឡាករវ័យ៣៥ឆ្នាំរូបនេះធ្លាប់ឈ្នះពាន La Liga ៥ដង និងChampions League ៤ដងកំលុងពេលស្នាក់នៅទឹកដី Santiago Bernabeu រយៈពេល១៦ឆ្នាំកន្លងមក៕
ប្រភព៖ express