បរទេស៖ អតីតគ្រូបង្វឹកក្រុមមាន់ខ្នាយមាស TottenhamHotspur លោក Mauricio Pochettino ត្រូវបានគេរាយការណ៍មកថា លោកមានចំណាប់អារម្មណ៍ក្នុងការទទួលការងារដឹកនាំក្លិបតោខៀវ Chelsea ប្រសិនបើក្លិបយក្សនៅទីក្រុងឡុងដ៍មួយនេះ បណ្ដេញលោក GrahamPotter ចេញ។
លោក Potter កំពុងរងសម្ពាធខ្លាំងនៅទឹកដី Stamford Bridge បន្ទាប់ពីដឹកនាំ Chelsea ទទួលបានលទ្ធផលយ៉ាប់យ៉ឺនមែនទែន នៅមួយរយៈចុងក្រោយ ពោលគឺចាញ់ដល់ទៅ៦លើក ក្នុងចំណោម៩ប្រកួតចុងក្រោយ។
ហើយតាមរយៈលទ្ធផលខាងលើនោះ បានធ្វើឲ្យ Chelsea ធ្លាក់មកឈរលេខ១០ នៅ Premier League និង ធ្លាក់ចេញពី ពានរង្វាន់ចំនួន២នៅអង់គ្លេស ។
បើយោងតាមកាសែត the Sun បានឲ្យដឹងថា លោក Pochettino នឹងទទួលការងារដឹកនាំនៅ Chelsea ប្រសិនបើក្លិបចែកផ្លូវជាមួយលោក Potter ។ ទោះជាយ៉ាងណាក៏ដោយ លោក Potter នៅមានឱកាសស្រោចស្រង់ការងាររបស់ខ្លួន ក៏ព្រោះតែម្ចាស់ក្លិប Chelsea ត្រូវបានគេរាយការណ៍មកថា នឹងផ្ដល់ពេលវេលាឲ្យ លោក Potter ពង្រឹងក្រុម ហើយលទ្ធផលពេលប៉ះ Fulham ថ្ងៃទី១៣ ខាងមុខ អាចជាការកាត់សេចក្ដីលើជោគវាសនា របស់លោក Potter នៅទឹកដី Stamford Bridge ។
គួររម្លឹកដែរថា លោក Pochettinoបាននៅទំនេរពីការងារ តាំងពីចាកចេញពីក្លិប ParisSaint-Germain កាលពីចុងរដូវកាលមុន មកម្ល៉េះដោយលោកធ្លាប់មានស្នាដៃដឹកនាំក្លិបយក្សបារាំងលើកពាន Ligue 1 បានម្ដង៕
ប្រភព៖ AF