អង់គ្លេស៖ ខ្សែបម្រើ Jadon Sancho នៃក្លិប Borussia Dortmund បានផ្ទេរមកកាន់ក្លិបបិសាចក្រហម Manchester United ជាផ្លូវការហើយបន្ទាប់ពីមានការចរចាគ្នារួចមក។
Sancho នឹងក្លាយជាកីឡាករទី១ដែលលោកគ្រូបង្វឹក Ole Gunnar Solskjaer ទិញយកដោយតម្លៃខ្លួនផ្ទេរមានប្រមាណ១០១លានដុល្លារផងដែរ។
ប៉ុន្តែយ៉ាងណាមិញ ក្លិប Manchester City ក៏នឹងទទួលបានភាគលាភពីការផ្ទេរនេះដែរដោយក្លិបនឹងបានប្រាក់ខ្ទង់១៣.៥លានដុល្លារពីការផ្ទេរនេះ។
មូលហេតុដែល Manchester City ត្រូវទទួលបានប្រាក់ពីការផ្ទេរនេះដែរនោះក៏ដោយសារ Jadon Sancho ធ្លាប់ជាកីឡាកររបស់ Man City ប៉ុន្តែគេទទូចចង់ចាកចេញទៅ Dortmund ពេកទើបក្លិបព្រមលក់នៅឆ្នាំ២០១៧ ក្នុងតម្លៃខ្លួន១១លានដុល្លារ ប៉ុន្តែ Man City បានដាក់លក្ខខណ្ឌមួយថា បើសិន Sancho ផ្ទេរចេញពី Dortmund ទៅកន្លែងផ្សេងទៀតនោះ ក្លិបត្រូវទទួលបានប្រាក់១៥ភាគរយនៃថ្លៃផ្ទេរទាំងមូល។
កីឡាករសញ្ជាតិអង់គ្លេសរូបនេះត្រូវ Manchester City ទិញយកពេលអាយុ១៤ឆ្នាំពីក្លិប Watford និងត្រូវគេរំពឹងទុកថានឹងបានចូលលេងនៅឈុតធំជាមួយ Phil Foden ប៉ុន្តែគេបានបដិសេធមិនបន្តកុងត្រាថ្មីទើបក្លិបបានដោះលែងគេទាំងមិនចង់ដោយកាលផ្ទេរទៅ Dortmund គឺ Man City បានបង់ប្រាក់ទៅឲ្យ Watford ចំនួន ៨សែនផោន(ស្មើនឹងប្រមាណ ១.១លានដុល្លារ)៕
ប្រភព៖ goal