អង់គ្លេស៖ ក្លិបបិសាចក្រហម Manchester United កំពុងព្រួយបារម្ភថាខ្សែប្រយុទ្ធ Marcus Raahford អាចនឹងមិនបានចូលលេងក្នុងការប្រកួតបើករដូវកាលក្រោយ ព្រោះគេត្រូវចូលវះកាត់របួសក្រោយព្រឹត្តិការណ៍បាល់ទាត់ Euro 2020 ចប់សព្វគ្រប់។
ខ្សែប្រយុទ្ធវ័យ២៣ឆ្នាំរូបនេះបង្ខំចិត្តចូលលេងទាំងដែលនៅមានបញ្ហារបួសត្រង់ប្រអប់ជើងនិងស្មារបស់គេ ដោយសារតែគេចង់ជួយ Man UTD រហូតដល់ចប់រដូវកាល និងពន្យាដល់ចប់ Euro 2020 ទើបធ្វើការវះកាត់។
សារព័ត៌មាន Mirror បានបង្ហើបថា Rashford នឹងត្រូវវះកាត់ត្រង់ជើងរបស់គេ ក្រោយ Euro ចប់ប៉ុន្តែបញ្ហាគឺបើសិនក្រុមជម្រើសជាតិអង់គ្លេសអាចចូលលេងដល់វគ្គផ្ដាច់ព្រ័ត្របានគឺ ត្រូវរង់ចាំដល់ថ្ងៃទី ១១ ខែកក្កដា ឯណោះហើយបើទោះបីគេត្រូវវះកាត់ជោគជ័យនៅថ្ងៃទី ១២ កក្កដា ក៏ត្រូវសម្រាកព្យាបាលយ៉ាងហោចណាស់៣៤ថ្ងៃទៀតដែរខណៈការប្រកួតបើកឆាក Premier League រដូវកាលក្រោយធ្វើឡើងនៅថ្ងៃទី ១៤ ខែសីហា ដូច្នេះវាអាចមានភាគរយដែលគេត្រូវអវត្តមាន។
នៅរដូវកាលនេះ Marcus Rashford ចូលលេងសរុប៥៩ប្រកួតបើគិតទាំងនៅក្លិបនិងនៅ ជម្រើសជាតិអង់គ្លេស ដោយបង្ហាញខ្លួនឲ្យ Manchester United បាន៥៧ប្រកួត ឯ ២ប្រកួតទៀតគឺនៅក្រុមជម្រើសជាតិ ដោយរកបាន២១គ្រាប់៕
ប្រភព៖ thesun