អឺរ៉ុប៖ ក្លិប Manchester City បានបង្វែរការចាប់អារម្មណ៍ចង់បានកីឡាករ Robert Lewandowski របស់ក្លិប Bayern Munich វិញ បន្ទាប់ពីពួកគេបានដេញថ្លៃសម្រាប់ការផ្ទេរយកកីឡាករ HarryKane ចំនួន ១០០ លានផោន ឬស្មើនឹង (១៣៨លានដុល្លាអាមេរិក) ប៉ុន្តែត្រូវបានក្លិប Tottenham Hotspur បដិសេធ។
ជាការពិតណាស់ ក្លិប ManCity បានបើកការដេញថ្លៃក្នុងទំហំទឹកប្រាក់ប្រមាណជា ១០០លានផោន ឬស្មើនឹង (១៣៨ លានដុល្លាអាមេរិក) សម្រាប់ការផ្ទេរយកខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេស ប៉ុន្តែក្រោយមកសំណើមួយនេះត្រូវបាន Spurs បដិសេធភ្លាមៗ ហើយពួកគេបានបញ្ជាក់ថា ក្លិបគឺមិនមានបំណងលក់ចេញចំពោះតារាឆ្នើមរបស់នេះឡើយ។
យ៉ាងណាមិញ បើយោងតាមការចុះផ្សាយរបស់ការសែតDaily Mail បានអះអាងថា ថ្មីៗនេះក្លិបមេឃខៀវហាក់ចាប់អារម្មណ៍ចង់បានប្រធានក្រុមរបស់ជម្រើសជាតិប៉ូឡូញ កីឡាករ Robert Lewandowski ជំនួសវិញ,ខណៈលោក Pep Guardiola និងខ្សែប្រយុទ្ធរូបនេះធ្លាប់បានលេងជុំគ្នាផងដែរ កាលនៅទឹកដីរបស់ អាល្លឺម៉ង់។
លោក Guardiola ធ្លាប់បានបង្វឹក Lewandowski រយៈពេល ៣ ឆ្នាំ កាលលោកនៅដឹកនាំក្លិប Bayern Munich ហើយពេលនេះក្លិប Man City បានជូនដំណឹងឱ្យលោកចរចាយកកីឡាកររូបនេះមកកាន់ទឹកដី Etihad, ស្របពេលកិច្ចសន្យារបស់ខ្សែប្រយុទ្ធរូបនេះជាមួយក្លិបយក្សអាល្លឺម៉ង់ គឺនៅសល់ត្រឹមតែ ២ រដូវកាលទៀតតែប៉ុណ្ណោះ៕
ប្រភព៖ Metro