បរទេស៖ យោងតាមសេចក្ដីរាយការណ៍បានឲ្យដឹងថាក្លិបសារិកាព្រៃ Newcastle United កំពុងសម្លឹងចង់បានកីឡាករក្រុមInterMilan ចំនួន២រូប រួមមាន ខ្សែការពារស្លាបស្ដាំ Denzel Dumfries និង ខ្សែបម្រើ Hakan Calhanoglu នៅទីផ្សារដោះដូររដូវក្ដៅនេះ។
Newcastle មានដំណឹងលេចឮច្រើន ជុំវិញការប្រមាញ់រកកីឡាករថ្មីមករួមក្រុម ដោយលោកគ្រូ Eddie Howe ចង់ពង្រឹងក្រុមបន្ថែម។ ជាមួយគ្នានេះ បើយោងតាមការចុះផ្សាយរបស់កាសែតអ៊ីតាលីCalciomercato បានឲ្យដឹងថា កីឡាករ២រូបចុងក្រោយគេ ដែលស្ថិតក្នុងបញ្ជីគោលដៅនាំចូលរបស់Newcastleនៅប៉ុន្មានសប្ដាហ៍ខាងមុខ គឺកីឡាករ Dumfries និង Calhanoglu ស្របពេលដែល Inter ក៏មានតម្រូវការបញ្ចេញកីឡាករខ្លះផងដែរ នៅរដូវក្ដៅនេះ។
ប្រភពដដែលបានបន្ថែមទៀតថា សម្រាប់តម្លៃខ្លួនរវាង Dumfries និង Calhanoglu គឺក្នុងម្នាក់Interទាមទារចង់បាន ៣០លានអឺរ៉ូ ក៏ព្រោះថាក្លិបជើងឯករង Serie A រដូវកាលមុនមួយនេះ ត្រូវការចំណូលពីការលក់កីឡាករ៦០លានអឺរ៉ូ នៅរដូវក្ដៅនេះ។
គួរម្លឹកដែរថា Dumfries បង្ហាញខ្លួនបាន៣៣ប្រកួត ឲ្យ Inter កាលពីរដូវកាលមុន ចំណែកឯ ខ្សែបម្រើ Calhanoglu រកបាន៧គ្រាប់ និងបញ្ចូនបាល់ឲ្យមិត្តរួមក្រុមបញ្ចប់ទីបាន១២ដង ក្នុងចំណោមការបង្ហាញខ្លួន ៣៤ប្រកួត ៕