បារាំង៖ យោងតាមសារព័ត៌មាន Foot Mercato គឺ ខ្សែប្រយុទ្ធ Karim Benzema អាចនឹងវិលត្រឡប់មកចូលរួមជាមួយក្រុមជម្រើសជាតិបារាំង វិញលុះត្រាតែ លោក Didier Deschamps លាលែងពីតំណែង ហើយលោក Zinedine Zidane ចូលមកដឹកនាំជំនួសវិញ។
កាលពីយប់ថ្ងៃទី២០ខែធ្នូកន្លងទៅ Benzema បានប្រកាសចូលនិវត្តន៍ ពីក្រុមជម្រើសជាតិបារាំង បន្ទាប់ពីបានដកខ្លួនចេញពីព្រឹត្តិការណ៍បាល់ទាត់ពិភពលោកឆ្នាំ២០២២ ដោយសាររងរបួសត្រង់ភ្លៅ។
Benzema បានចាកចេញពីជំរុំហ្វឹកហាត់នៅប្រទេសកាតា ហើយមកព្យាបាលខ្លួននៅក្លិប Real Madrid វិញខណៈដែលលោក Deschamps បានប្រកាសថា រូបគេនឹងមិនចូលរួមជាមួយក្រុមនៅព្រឹត្តិការណ៍បាល់ទាត់ពិភពលោកវិញទេ។
មានពាក្យចចាមអារ៉ាមលេចឮថា Benzema ក៏មិនត្រូវគ្នាជាមួយមិត្តរួមក្រុមនៅជម្រើសជាតិបារាំងខ្លះ ហើយគេក៏បានផ្ដាច់ការទាក់ទងជាមួយក្រុមជម្រើសជាតិ ក្រោយចាកចេញពីកាតាផងដែរ។
យ៉ាងណាមិញ បើសិន Zidane ចូលមកដឹកនាំបារាំង ជំនួសលោក Deschamps នោះ Benzema នឹងពិចារណាវិលត្រឡប់មកវិញ ដោយសារ Zidane ធ្លាប់ជាគ្រូបង្វឹករបស់គេនៅ Real Madrid ហើយអ្នកទាំងពីរមានទំនាក់ទំនងល្អនឹងគ្នា។
គួរបញ្ជាក់ផងដែរថា Karim Benzema លេងឲ្យជម្រើសជាតិតាំងពីឆ្នាំ២០១៧ រហូតដល់២០១៥ ក៏មានរឿងអាស្រូវផ្លូវភេទ ទើបបារាំង ខកខានកោះហៅគេរហូតដល់ឆ្នាំ២០២១ ទើបត្រូវកោះហៅចូលលេង Euro 2020 ៕
ប្រភព៖ sportskeeda