បរទេស៖ Real Madrid បានបើកការចរចាជាមួយក្លិបយក្សអាល្លឺម៉ង់Borussia Dortmund ដើម្បីពិភាក្សាអំពីការចុះកុងត្រាយកខ្សែប្រយុទ្ធវ័យក្មេងសញ្ជាតិអង់គ្លេស Jude Bellingham,នេះបើតាមរបាយការណ៍នៅបរទេស។
ជាការពិតណាស់ Bellingham គឺជាកីឡាករវ័យក្មេងដ៏មានសក្តានុពលម្នាក់របស់ Dortmund ហើយរយៈពេលកន្លងមកត្រូវបានគេដឹងថា ខ្សែប្រយុទ្ធរូបនេះហាក់មានក្លិបជាច្រើនចាប់អារម្មណ៍ខ្លាំងមែនទែនក្នុងនោះក៏មាន Manchester United ផងដែរ។
ខណៈឥឡូវនេះ R.Madrid ត្រៀមធ្វើជាគូប្រកួតប្រជែងម្នាក់ទៀត ដើម្បីផ្ទេរយកខ្សែប្រយុទ្ធខាងលើដ្បិតថ្មីៗនេះពួកគេទើបតែបានចំណាយលុយយ៉ាងច្រើនក្នុងការទិញយក Antonio Rudigerនិង Aurelien Tchouameni ក៏ដោយ។
យោងតាមការចុះផ្សាយរបស់កាសែត CadenaSer បានឱ្យដឹងថា Bellingham គឺជាគោលដៅចម្បងមួយរបស់ Real Madrid ហើយឥឡូវនេះក្លិបម្ចាស់ជើងឯក Champions League ១៤ សម័យកំពុងបើកការចរចាជាមួយខ្សែប្រយុទ្ធខាងលើ ដោយរំពឹងថានឹងអាចយកបានកីឡាករវ័យ១៨ ឆ្នាំរូបនេះក្នុងតម្លៃ ៩០លានអឺរ៉ូ ឬប្រមាណជា (៩៤លានដុល្លារ) នៅឆ្នាំ ២០២៣៕
ប្រភព៖ Sportbible