បរទេស៖ ខ្សែប្រយុទ្ធ Cristiano Ronaldo បានអញ្ជើញអតីតមិត្តរួមក្រុមនៅ Manchester United របស់ខ្លួនចំនួន ៤ នាក់ ដើម្បីមកទស្សនាការលេងរបស់គាត់ផ្ទាល់ជាមួយនឹង Al-Nassr ហើយគាត់ក៏នឹងចំណាយពេលនោះដើម្បីលាគ្នាជាមួយពួកគេក្នុងការផ្លាស់មកទ្រនំថ្មីផងដែរ។
ជាការពិតណាស់ ក្រោយបញ្ចប់ព្រឹត្តិការណ៍ World Cup Qatar ២០២២, Ronaldo ត្រូវបានប្រកាសចែកផ្លូវជាមួយនឹង Man UTD បន្ទាប់ពីគាត់បានធ្វើកិច្ចសម្ភាសន៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយជាមួយនឹងលោក Piers Morgan ដោយបានធ្វើការវាយប្រហារយ៉ាងចាស់ដៃទៅលើក្រុមបិសាចក្រហម។
យ៉ាងណាមិញ ក្រោយពេលចាកចេញ Ronaldo មិនត្រូវបាន Man UTD ធ្វើពិធីលាជាមួយនឹងក្លិប, មិត្តរួមក្រុម ឬអ្នកគាំទ្រឡើយ ក្នុងនាមគាត់ជាវីរបុរសរបស់ក្លិបម្នាក់។
យោងតាមការចុះផ្សាយរបស់កាសែត The Sun បានឱ្យដឹងថា Ronaldo គឺបានអញ្ជើញអតីតមិត្តរួមក្រុមដែលជិតស្និទ្ធិនឹងគាត់បំផុតដូចជា Harry Maguire, Bruno Fernandes, Casemiro និង Raphael Varane ដើម្បីមកលេងផ្ទះថ្មីរបស់គាត់នៅ អារ៉ាប៊ីសាអ៊ូឌីត និងទស្សនាការលេងរបស់គាត់ផ្ទាល់ជាមួយ Al-Nassr ឆាប់ៗខាងមុខនេះ ដើម្បីជាការលាគ្នាដែលគាត់បានចាកចេញពីទឹកដី Old Trafford៕
ប្រភព៖ Sportskeeda