បរទេស៖ គេសង្ស័យថា Gareth Bale អាចនឹងផ្ទេរទៅកាន់ក្រុមCardiff City នៅរដូវកាលថ្មីនេះបន្ទាប់ពីម្សិលមិញខ្សែប្រយុទ្ធសញ្ជាតិ វែលស៍ ត្រូវបានគេប្រទះឃើញនៅកន្លែងហ្វឹកហាត់របស់ក្រុមខាងលើនិងបានធ្វើការសន្ទនាខ្លះជាមួយគ្រូបង្វឹកលោក Steve Morison ផងដែរ។
ជាការពិតណាស់ នៅរដូវកាលនេះ Baleបានសម្រេចចិត្តចាកចេញពី Real Madrid ហើយ ក្រោយរួមរស់ជាមួយគ្នារយៈពេល ៨ ឆ្នាំ, ខណៈបច្ចុប្បន្នមានក្លិបជាច្រើនដែលកំពុងចង់បានរូបគេ ក្នុងនោះរួមមានTottenham, Newcastle, ក្លិបមួយចំនួននៅលីគអាមេរិក និង CardiffCity ជាដើម, ប៉ុន្តែខ្សែប្រយុទ្ធវ័យ ៣២ឆ្នាំប្រាប់ថារូបគេនឹងប្រាប់ពីអនាគតរបស់ខ្លួនក្រោយបញ្ចប់ភារិច្ចជាមួយក្រុមជម្រើសជាតិរួច។
ដ្បិតមិនទាន់មានព័ត៌មានច្បាស់ការប៉ុន្តែពេលនេះ Bale ត្រូវបានគេសង្ស័យថាអាចនឹងចូលរួមជាមួយ Cardiff នៅរដូវកាលខាងមុខ,ដោយគេហទំព័រ Wales Online បានចុះផ្សាយថា,ខ្សែប្រយុទ្ធសញ្ជាតិ វែលស៍ បានធ្វើដំណើរទៅមូលដ្ឋានហ្វឹកហាត់ Vale ofGlamorgan របស់ក្រុម Cardiff នៅថ្ងៃពុធម្សិលមិញ។
អ្វីដែលគាប់ជួននោះ ថ្ងៃម្សិលមិញនេះក៏ជាថ្ងៃដំបូងនៃការត្រឡប់ចូលហ្វឹកហាត់វិញរបស់កីឡាករក្រុមCardiff ផងដែរ បន្ទាប់ពីពួកគេឈប់សម្រាកក្រោយចប់រដូវកាល, ហើយអ្វីដែលគេចាប់អារម្មណ៍ខ្លាំងគឺ Bale បានធ្វើការសន្ទនាជាមួយគ្រូបង្វឹកក្រុម Cardiffលោក Morison ទៀតផង ដែលនេះជាសញ្ញាណមួយធ្វើឱ្យគេសង្ស័យកាន់តែខ្លាំង៕
ប្រភព៖ Sportbible