បារាំង៖ ស្របពេលមានការចុះផ្សាយជាច្រើនថា KylianMbappe មិនចង់បន្ដកិច្ចសន្យាថ្មីជាមួយក្លិបអ្នកមានបារាំង PSGប្រធានក្លិបលោក Al-Khelaifi ថានឹងផ្ដល់ប្រាក់ខែដល់គេឲ្យស្មើនឹងកីឡាករ Neymar ដើម្បីធ្វើយ៉ាងអាចរក្សាខ្សែប្រយុទ្ធវ័យក្មេងរូបនេះលេងនៅកីឡដ្ឋាន Parc des Prince បន្ដទៀត។
ជាការពិតណាស់ ក្លិប PSG បាននាំចូលកីឡាករល្អៗជាច្រើនរូប ដើម្បីត្រៀមរដូវកាលថ្មី ២០២១/២២ ដែលរួមមានដូចជាHakimi, Ramos, Donnarumma និង Wijnaldum ជាដើម។ តែការព្រួយបារម្ភដ៏ចម្បងមួយរបស់ក្លិប គឺការអាចរក្សាទុក Mbappe ខណៈដែលកិច្ចសន្យារបស់គេ នឹងផុតកំណត់នៅឆ្នាំ ២០២២ខាងមុខនេះហើយ។
ទោះ Mbappe ហាក់មានគម្រោងផ្លាស់ចេញឆ្ងាយពីទីក្រុងប៉ារីសក៏ដោយក្លិប PSG ជឿជាក់ថាពួកគេនឹងរកឃើញដំណោះស្រាយដ៏ល្អឥតខ្ចោះក្នុងរក្សាទុកគេ ខណៈថ្នាក់ដឹកនាំក្លិប និងប្រធានក្លិបកំពុងធ្វើការលើរឿងនេះ។ ហើយបើតាមសារព័ត៌មាន AS បានឲ្យដឹងថា ប្រធានក្លិបសុខចិត្ដដំឡើងប្រាក់ខែគេឲ្យស្មើនឹង Neymar ដែលបច្ចុប្បន្នជាកីឡាករប្រាក់ខែខ្ពស់ជាងគេនៅក្នុងក្រុម ។
យ៉ាងណាក៏ដោយ ការសែតអេស្ប៉ាញបានឲ្យដឹងដែរថា ការដំឡើងប្រាក់ខែនេះក៏មិនអាចគ្រប់គ្រាន់ក្នុងការផ្លាស់ប្ដូរចិត្ដ Mbappe ដែរ ព្រោះតែកីឡាករបារាំងរូបនេះបានបញ្ជាក់ប្រាប់គ្រូបង្វឹក និងប្រធានក្លិបច្បាស់ហើយ ថាគេមិនមានគម្រោងបន្ដកិច្ចសន្យាថ្មីឡើយ។
គួរបញ្ជាក់ដែរថា Neymar បច្ចុប្បន្នទទួលបាន ៨៥៩,០០០ផោន (ឬប្រមាណ១,១លានដុល្លារ) ក្នុងមួយសប្ដាហ៍ នេះបើយោងតាមរបាយការណ៍របស់គេហទំព័រ givemesport ៕
ប្រភព៖ besoccer