បរទេស៖ ក្លិប Paris Saint-Germain ត្រូវបានគេរាយការណ៍ថា នឹងចំណាយលុយចំនួន ៧៥ លានអឺរ៉ូ ឬប្រមាណជា (៨២ លានដុល្លារអាមេរិក) ទិញយក Marcus Rashford ខ្សែប្រយុទ្ធរបស់ Manchester United ប្រសិនបើ Lionel Messi ចាកចេញ, នេះបើតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន El Nacional។
Rashford ដែលបច្ចុប្បន្នមានវ័យ ២៥ ឆ្នាំ នៅរដូវកាលនេះរូបគេពិតជាសមត្ថភាពបានល្អមែនទែនជាមួយ Man UTD ក្រោមការដឹកនាំរបស់លោក Erik ten Hag, ជាក់ស្តែងគិតមកដល់ពេលនេះរូបគេរកបាន ១៨ គ្រាប់ និង ៨ assist ហើយ ក្នុងចំណោមការបង្ហាញខ្លួន ៣២ ប្រកួតចុងក្រោយ។
បើយើងក្រឡេកមកមើល Messi វិញ រូបគាត់បានផ្លាស់ចេញពី Barcelona មកចូលរួមជាមួយ PSG នៅឆ្នាំ ២០២១ ដោយគ្មានតម្លៃខ្លួន ហើយគាត់គឺនៅសល់កុងត្រាត្រឹមតែ ៥ ខែទៀតប៉ុណ្ណោះក្នុងការស្នាក់នៅទឹកដី Parc des Prince ពោលគឺដល់ខែ មិថុនា ឆ្នាំ ២០២៣ ខាងមុខ។
ខណៈបច្ចុប្បន្នមានត្រឹមពាក្យចចាមអារ៉ាមប៉ុណ្ណោះ ដែលលេចផ្សាយថាគាត់នឹងបន្តកុងត្រាថ្មីជាមួយក្លិបយក្ស បារាំង ប៉ុន្តែសម្រាប់ព័ត៌មានច្បាស់ការវិញ គឺមិនទាន់មានការបញ្ជាក់ណាមួយពីសំណាក់ក្លិប ឬកីឡាករនៅឡើយ៕
ប្រភព៖ Sportskeeda