អេស្ប៉ាញ៖ ក្លិបអ្នកមានបុណ្យ Barcelona គ្រោងនឹងទិញយកខ្សែប្រយុទ្ធ Raheem Sterling នៃក្លិប Manchester City ក្នុងករណីដែល ខ្សែប្រយុទ្ធ Ousmane Dembele ចាកចេញពីទឹកដី Camp Nou ទៅចូលរួមជាមួយ Paris Saint-Germain ឬ Juventus ។
មកទល់ពេលនេះហើយ Barcelona មិនទាន់បានពិភាក្សារឿងកុងត្រាថ្មីជាមួយកីឡាករសញ្ជាតិបារាំងនេះឡើយ ខណៈដែលកុងត្រារបស់គេផុតកំណត់នៅខែមិថុនាឆ្នាំ២០២២ខាងមុខ។
ឥលូវនេះសារព័ត៌មាន Mundo Deportivo បានបង្ហើបថា Barcelona ចាប់អារម្មណ៍ចង់បាន Sterling ជំនួសវិញដោយសារមានពាក្យចចាមអារ៉ាមថា Dembele អាចនឹងចាកចេញទៅលេងនៅបារាំងឬអ៊ីតាលីនៅពេលកុងត្រារបស់គេផុតកំណត់។
ដូច្នេះបើសិនក្នុងករណីក្លិបចរចាកុងត្រាថ្មីជាមួយ Dembele មិនត្រូវគ្នា នោះ Barcelona នឹងដោះលែងឲ្យគេចាកចេញដោយគ្មានតម្លៃខ្លួន និងងាកមកយក Raheem Sterling ដែលជាកីឡាករឆ្នើមមួយរូបនៅ Manchester City ។
ខណៈនោះដែរ Sterling ក៏មិនសូវជាកាក់កបជាមួយ Man City នៅរដូវកាលនេះដែរដោយសារតែគេមិនសូវបានចូលលេងញឹកដូចរដូវកាលមុនៗហើយកីឡាករវ័យ២៦ឆ្នាំរូបនេះក៏ធ្លាប់បាននិយាយថាគេមានអារម្មណ៍ចម្លែកណាស់ដែលភាគច្រើនអង្គុយកៅអីបម្រុង។
ដោយឡែក Barcelona ក៏ចាប់អារម្មណ៍ ខ្សែបម្រើ Ilkay Gundogan ផងដែរដោយចង់យកគេមកជំនួស Georginio Wijnaldum ដែលបរាជ័យក្នុងការផ្ទេរមក Camp Nou និងសម្រេចចិត្តលេងឲ្យ PSG វិញ៕
ប្រភព៖ thesun