បរទេស៖ បាល់ដែលវីរបុរស អាហ្សង់ទីន លោក Diego Maradona យកដៃវាយបញ្ចូលទីនៅក្នុងព្រឹត្តិការណ៍ World Cup ឆ្នាំ ១៩៨៦ ត្រូវបានគេដាក់ដេញថ្លៃក្នុងតម្លៃ ២.៥ លានផោន ឬប្រមាណជា(២.៨ លានដុល្លារអាមេរិក) និងអាចដល់ទៅ ៣ លានផោន ឬប្រមាណជា (៣.៣ លានដុល្លារអាមេរិក)ឯណោះ។
សម្រាប់គ្រាប់បាល់នោះត្រូវបានដាក់ដេញថ្លៃដោយលោក Ali Bin Nasser ដែលជាអជ្ញាកណ្តាលកាត់សេចក្តីនៅក្នុងការប្រកួតនោះតែម្តង,ហើយបុរសសញ្ជាតិ ទុយនេស៊ី នេះហើយ ដែលជាអ្នកសម្រេចឱ្យបាល់នោះចូល បន្ទាប់ពីលោក Maradonaយកដៃវាយបញ្ចូលទីទៅលើក្រុមតោកំណាច អង់គ្លេស។
គួរបញ្ជាក់ថា ការប្រកួតនោះគឺជាការប្រកួតវគ្គ៨ ក្រុមចុងក្រោយនៃព្រឹត្តិការណ៍ World Cup ហើយពេលនោះ អាហ្សង់ទីន បានទទួលជ័យជម្នះទៅលើក្រុម អង់គ្លេសក្នុងលទ្ធផល ២-១, ហើយបន្ទាប់មកទៀតក្រុមរហ្សនាមពពកស បានបន្តទទួលជ័យជម្នះទៅលើក្រុម ប៊ែលហ្ស៊ិកនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងក្រុម អាល្លឺម៉ង់ ខាងលិចនៅវគ្គផ្តាច់ព្រ័ត្រមុនពេលក្លាយជាជើងឯក៕
ប្រភព៖ BBC