បរទេស៖ ក្លិបអធិរាជស Real Madrid ចាប់ផ្តើមជឿជាក់ថា Kylian Mbappe នឹងចូលរួមជាមួយពួកគេនៅរដូវក្តៅក្រោយ។
ខ្សែប្រយុទ្ធសញ្ជាតិបារាំងខាងលើ មានដំណឹងលេចឮមកថា មិនសប្បាយចិត្តនឹងក្លិប Parsi Saint-Germain ហើយចង់ចាកចេញពីប្រទេសបារាំង។
ជាមួយគ្នានេះ បើយោងតាមកាសែត La Gazzetta dello Sport ក្លិប Real Madrid ត្រៀមខ្លួនជាស្រេចក្នុងការចំណាយកញ្ចប់ទឹកប្រាក់ ១ពាន់លានអឺរ៉ូសម្រាប់ ខ្សែប្រយុទ្ធវ័យ២៣ឆ្នាំ។ លោក Florentino Perez ជឿជាក់ថាវា កិច្ចព្រមព្រៀងនេះ ជាយុទ្ធសាស្ត្រដែលអាចពង្រឹងក្រុម Madrid សម្រាប់ពេលអនាគត។
តាមរយៈប្រភពដដែល Real Madrid បានសម្លឹងឃើញថា ពួកគេនឹត្រូវចំណាយខ្ទង់ ៦៣០លានអឺរ៉ូ(ឬប្រមាណ៦៦៩លានដុល្លារ) សម្រាប់ កិច្ចសន្យារបស់កីឡាករ ក្នុងរយៈពេលបួនរដូវកាល ។ ពួកគេក៏នឹងបង់ប្រាក់ ១៥០លានអឺរ៉ូ (១៥៩លានដុល្លារ) សម្រាប់ថ្លៃផ្ទេរ ក៏ដូចជា ប្រាក់រង្វាន់បូកនឹងកម្រៃជើងសារ សរុបនឹងមានចំនួនប្រហែល ១ពាន់លានអឺរ៉ូសម្រាប់កិច្ចព្រមព្រៀង ក្នុង ៤រដូវកាល។
Real Madrid មានការព្រួយបារម្ភចំពោះ Karim Benzema ដែលមានវ័យ៣៥ឆ្នាំ ហើយបានរងរបួសច្រើនក្នុងរដូវកាលនេះ។ មានខ្សែប្រយុទ្ធលំដាប់ពិភពលោកតិចតួចប៉ុណ្ណោះដែលនឹងសមនឹងគម្រោង Madrid ហើយ Perez ជឿជាក់ថា Mbappe គឺជាចម្លើយតែមួយគត់ដើម្បីធានាអនាគតរបស់ក្លឹប៕
ប្រភព៖ AF