អេស្ប៉ាញ៖ យោងតាមសេចក្ដីរាយការណ៍គឺក្លិបអ្នកមានបុណ្យ Barcelona បានប្រាប់ខ្សែការពារ Samuel Umtiti ឲ្យរកក្លិបថ្មីព្រោះក្លិបមិនត្រូវការគេទៀតឡើយ បន្ទាប់ពីបាននាំយកខ្សែការពារវ័យក្មេង Eric Garcia ពី Manchester City ដោយគ្មានតម្លៃខ្លួន។
ការនាំយក Garcia ធ្វើឲ្យ Barcelona សំបូរទៅដោយខ្សែការពារដូចជា Ronald Aruajo, Clement Lenglet, Gerard Pique ,Oscar Mingueza និង Eric Garcia ទើបក្លិបគិតថា Umtiti គួរតែចាកចេញ។
កីឡាករសញ្ជាតិបារាំងរូបនេះសឹងតែរកពេលលេងក្រោមការដឹកនាំរបស់លោកគ្រូបង្វឹក Ronald Koeman មិនបានក្រោយរូបគេទើបជាសះស្បើយពីរបួសត្រង់ជង្គង់ដែលរាំរ៉ៃជាយូរមកហើយ។
Barcelona ចង់លក់រូបគេប៉ុន្តែបើសិនក្លិបណាព្រមដាក់សំណើខ្ចីជើងនោះក្លិបនឹងពិចារណាមើល។ យ៉ាងណាមិញ ប្រាក់ឈ្នួលរបស់ Umtiti ក្នុងមួយរដូវកាលគឺបានដល់ទៅ១២លានអឺរ៉ូ(ស្មើនឹងប្រមាណ ១៤.៦លានដុល្លារ)ឯណោះដូច្នេះទើបវាពិបាកក្នុងការស្វែងរកក្លិបដែលអាចផ្ដល់ប្រាក់ឈ្នួលយ៉ាងសន្ធឹកសន្ធាប់បែបនេះដល់គេ៕
ប្រភព៖ football-espana