អង់គ្លេស៖ បន្ទាប់ពីប្រកាសបញ្ចប់តំណែងលោកគ្រូបង្វឹក Jose Mourinho ជាផ្លូវការ ក្លិបខ្នាយមាន់មាស Tottenham Hotspur បានបន្តស្វែងរកគ្រូបង្វឹកថ្មីមកដឹកនាំបន្ត ខណៈពេលនេះលោក Ryan Mason ធ្វើជាគ្រូបង្វឹកបណ្ដោះអាសន្នរហូតដល់ចប់រដូវកាលនេះ។
ហើយយោងតាមការរាយការណ៍ Spurs បានបើកការចរចាជាមួយលោកគ្រូបង្វឹក Antonio Conte ដែលបច្ចុប្បន្នកំពុងដឹកនាំ Inter Milan ហើយលទ្ធផលឆ្ពោះទៅរកភាពវិជ្ជមានច្រើនណាស់។
មុនដំបូង Spurs ចង់បាន Julian Nagelsmann ជាគ្រូបង្វឹកប៉ុន្តែលោកគ្រូបែរជាចុះកុងត្រាជាមួយ Bayern Munich ឯ លោកគ្រូបង្វឹករបស់ Leicester City គឺ Brendan Rodger ក៏ចេញមុខបដិសេធ ទើបក្លិបបង្វែងដានមកតាមរកនៅ Serie A វិញម្ដង។
សារព័ត៌មាន Corriere dello Sport បានបង្ហើបឲ្យដឹងថា Spurs បានទាក់ទងទៅលោកគ្រូ Conte ដែលបានដឹកនាំឲ្យ Inter Milan ឈ្នះពាន Serie A កាលពីពេលថ្មីៗទៅនេះខណៈកុងត្រារបស់លោកគ្រូជាមួយក្លិប នៅសល់តែ១ឆ្នាំទៀតប៉ុណ្ណោះ។
លោកគ្រូ Conte ធ្លាប់រិះគន់ថ្នាក់ដឹកនាំរបស់ Inter Milan រឿងមិនមានប្រាក់គ្រប់គ្រាន់សម្រាប់ទិញយកកីឡាករដែលលោកគ្រូត្រូវការ។
Conte ធ្លាប់ដឹកនាំ Chelsea បានពីរឆ្នាំដោយបានឈ្នះពាន Premier League ឲ្យក្លិបទៀតផង ដូច្នេះលោកគ្រូចង់វិលត្រឡប់ទៅដឹកនាំនៅ Premier League វិញ ប៉ុន្តែយ៉ាងណាក៏លោកគ្រូនៅតែស្មោះត្រង់នឹង Inter Milan ហើយចង់ពិភាក្សាជាមួយប្រធានក្លិបលោក Steven Zhang សិនថាតើ Inter Milan មានគម្រោងទិញយកកីឡាករតាមដែលលោកគ្រូស្នើសុំឬអត់៕
ប្រភព៖ metro
ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សូមចូលទៅកាន់ Group Telegram របស់ Khmerload តាមរយៈតំណភ្ជាប់ខាងក្រោម ៖
https://t.me/khmerload