អេស្ប៉ាញ៖ ប្រធានក្លិបអ្នកមានបុណ្យ FC Barcelona លោក Joan Laporta មានចំណាប់អារម្មណ៍ និងក្តីសុបិន្តក្នុងការចុះកុងត្រាជាមួយនឹងកីឡាករម្នាក់គឺ កីឡាករខ្សែការពារ Matthijs de Ligt របស់ក្រុមសេះបង្កង់ Juventus នៅរដូវក្តៅនេះបើយោងតាមរបាយការណ៍នៅប្រទេសបារាំង។
គួរបញ្ជាក់ផងដែរថា ខ្សែការពារហូឡង់រូបនេះបានចូលរួមជាមួយក្លិបយក្សនៅSerie A គឺ ក្លិបJuventus ជំនួសឱ្យការចាប់អារម្មណ៏យូរអង្វែងរបស់ក្រុមអ្នកមានបុណ្យ Barcelona ក្នុងតម្លៃ ៦៧,៨ លានផោនពីក្លិប Ajax ក្នុងឆ្នាំ ២០១៩ ។ ប៉ុន្តែឥឡូវនេះ Le10 Sport បានអះអាងថាក្លិបយក្សកាតាឡាន់នឹងបន្តចំណាប់អារម្មណ៍របស់ពួកគេក្នុងគោលបំណងដើម្បីនាំយកកីឡាករវ័យ ២១ ឆ្នាំរូបនេះមកចូលរួមជាមួយនឹងមិត្តរួមក្រុមជម្រើសជាតិរបស់គាត់គឺកីឡាករ Frenkie de Jong នៅឯកីឡាដ្ឋាន Camp Nou ។
កីឡាករ Matthijs De Ligt បង្ហាញខ្លួនបាន ៣៦ លើកនៅគ្រប់ការប្រកួតសម្រាប់ក្លឹប Juventus កាលពីរដូវកាលមុនខណៈដែលក្លិបដែលមានមូលដ្ឋាននៅទីក្រុង Turin មួយនេះបានរងនូវរដូវកាលដ៏ខកចិត្តខណៈដែលពួកគេបាត់បង់ពានរង្វាន់ Scudetto ទៅឧ្យ Inter Milanជាលើកទី១ក្នុងរយៈពេល ៩ ឆ្នាំ។ ពួកគេក៏ទទួលរងនូវការធ្លាក់ចេញពីក្របខ័ណ្ឌ Champions League វគ្គ ១៦ ក្រុមចុងក្រោយផងដែរដោយក្រុម Porto ប៉ុន្តែក្លិបនេះបានស្តារមោទនភាពឡើងវិញតាមរយៈការឈ្នះពានរង្វាន់ Coppa Italia និង Italian Super Cup ៕