អេស្ប៉ាញ៖ ក្លិប Barcelona បានឈានដល់កិច្ចព្រមព្រៀងក្នុងការចុះត្រាយក ខ្សែបម្រើ Carlos Soler ពីក្លិប Valencia ហើយ។
សារព័ត៌មាន Diario AS បានចុះផ្សាយថា ភាគីលោក Xavi Hernandez បានទិញយក Soler ក្នុងតម្លៃជាង២០លានអឺរ៉ូ(ស្មើនឹងប្រមាណ ២១ លានដុល្លារ) ដោយកីឡាកររូបនេះនឹងចូលរួមជាមួយក្លិបនៅរដូវក្ដៅខាងមុខ។
កុងត្រារបស់ Carlos Soler នឹងអស់សុពុលភាពជាមួយ Valencia នៅរដូវក្ដៅឆ្នាំ២០២៣ខាងមុខនេះហើយ ខណៈដែល Barca ចង់បានគេមកជំនួសខ្សែបម្រើ Frenkie de Jong ដែលក្លិបទំនងជាដាក់លក់នៅទីផ្សាររដូវក្ដៅខាងមុខ។
មុនដំបូង Barcelona ចង់យក Soler ដោយគ្មានតម្លៃខ្លួនក្រោយគេចប់កុងត្រាជាមួយ Valencia ប៉ុន្តែឥលូវនេះក្លិបចង់បានគេនៅរដូវកាលក្រោយតែម្ដង។
គួរបញ្ជាក់ផងដែរថា Carlos Soler បណ្ដុះចេញពីថ្នាលយុវជនរបស់ Valencia ដោយគេស៊តបញ្ចូលទីបាន៣៥គ្រាប់ក្នុងការបង្ហាញខ្លួន ២១៩ ប្រកួតនិងបានបង្ហាញខ្លួនឲ្យជម្រើសជាតិអេស្ប៉ាញចំនួន៦ប្រកួតផងដែរ៕
ប្រភព៖ football-espana