បរទេស៖ ខ្សែប្រយុទ្ធ Anthony Elanga កំពុងស្ថិតនៅក្នុងបញ្ជីគោលដៅរបស់ក្លិបស្ករគ្រាប់ Everton នៅទីផ្សារដោះដូរកីឡាករខែមករា ដោយក្លិបដែលដឹកនាំដោយលោក Lampard មួយនេះ ចង់នាំយកកីឡាករវ័យក្មេងរបស់ Manchester United ខាងលើ ក្នុងលក្ខខណ្ឌខ្ចីជើងពេញមួយរដូវកាល។
Elanga បង្ហាញខ្លួនជម្រើសដំបូងបាន៦ ដងប៉ុណ្ណោះសម្រាប់ Man Utd នៅរដូវកាលនេះ ហើយគាត់បានបង្ហាញខ្លួនត្រឹមតែ២៤ នាទីចាប់តាំងពីការប្រកួត World Cup មកក្នុងនាមជាកីឡាករបម្រុង ទល់នឹងក្រុម Burnley និង Nottingham Forest ។
កីឡាករវ័យ២០ឆ្នាំបានបាត់បង់កៅអីទៅលើកីឡាករ Alejandro Garnacho នៅក្នុងក្រុមរបស់ Erik ten Hag ដោយខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីន ដែលបណ្ដុះចេញពីថ្នាលយុវជនរូបនេះបានបង្ហាញទម្រង់លេងលេចធ្លោល្អ នាប៉ុន្មានខែមកនេះ។ គាត់បានចូលលេងជម្រើសដំបូង ក្នុងជំនួបឈ្នះ Burnley នៅពាន EFL Cup ហើយបានចូលលេងមុន Elanga ទល់នឹង Forest នៅយប់ថ្ងៃអង្គារកន្លងទៅនេះផងដែរ។
ជាមួយគ្នានេះ ក្លិប Everton ត្រូវបានគេរាយការណ៍មកថា គឺជាក្លឹបមួយក្នុងចំណោម ក្លឹបជាច្រើនដែលចាប់អារម្មណ៍ក្នុងការខ្ចីជើង Elanga ក្នុងអំឡុងពេលទីផ្សារខែមករា ៕
ប្រភព៖ AF