អេស្ប៉ាញ៖ យោងតាមសារព័ត៌មាន Marca ក្លិបអធិរាជស Real Madrid គ្រោងនឹងនាំយកកីឡាករបីរូបគឺ ខ្សែប្រយុទ្ធ Kylian Mbappe ,Erling Haaland និង Paul Pogba។
កាលទីផ្សារដោះដូរកីឡាករបើកទ្វារ ក្លិបម្ចាស់ពាន UCL ១៣សម័យនេះប៊ិះនឹងទិញយក Mbappe ពី Paris Saint-Germain បានទៅហើយតែដោយសារចរចាមិនត្រូវថ្លៃគ្នាទើបការព្រមព្រៀងបានបរាជ័យដូច្នេះក្លិបរង់ចាំរហូតដល់រដូវកាលក្រោយតែម្ដងដែលមានន័យថា Mbappe រីករាយនឹងផ្ទេរមក Real Madrid ដោយគ្មានតម្លៃខ្លួន។
Erling Haaland ដែលលេងនៅក្លិប Borussia Dortmund ក៏ធ្លាប់លេចឮព័ត៌មានថាចង់ចាកចេញមកស្វែងរកការប្រកួតប្រជែងថ្មីនៅក្លិបលំដាប់កំពូលដែរប៉ុន្តែ Real Madrid ត្រូវប្រឈមនឹងការប្រកួតប្រជែងច្រើនព្រោះក្លិប Barcelona, Manchester United, PSG និង Chelsea សុទ្ធតែចង់បានគេទាំងអស់។ ដោយឡែកយោងតាម Daily Star គឺបានរាយការណ៍ថាក្លិបបានព្រមព្រៀងទុកជាមុនជាមួយខ្សែប្រយុទ្ធសញ្ជាតិន័រវេសនេះរួចរាល់អស់ហើយ។
ខ្សែបម្រើ Paul Pogba នៃក្លិបបិសាចក្រហម Manchester United ឯណោះវិញក៏ផុតកុងត្រានៅទឹកដី Old Trafford នៅឆ្នាំក្រោយនេះដែរហើយមកទល់ពេលនេះគឺពុំមានដំណឹងថា កីឡាករសញ្ជាតិបារាំងរូបនេះព្រមបន្តកុងត្រាថ្មីនៅឡើយទេដូច្នេះ Real Madrid ចង់ឆក់ឱកាសនោះអូសទាញគេឲ្យមករួមក្រុមជាមួយ Mbappe និង Haaland ដោយលោកប្រធានក្លិប Florentino Perez បានជូនដំណឹងទៅ Manchester United ថាក្លិបនឹងនាំយក Pogba នៅរដូវកាលក្រោយ៕
ប្រភព៖ sportbible