អេស្ប៉ាញ៖ យោងតាមសេចក្ដីរាយការណ៍ ក្លិប Valencia កំពុងចាប់អារម្មណ៍ចង់ទិញយកខ្សែប្រយុទ្ធ Martin Braithwaite ។
កីឡាករសញ្ជាតិដាណឺម៉ាករូបនេះត្រូវ Barcelona ទិញយកពី Leganes កាលពីឆ្នាំ២០២០ ដោយបានទទួលការរិះគន់ជាច្រើនដោយសារតែគេជាខ្សែប្រយុទ្ធមិនសូវល្បីឈ្មោះស្របពេលកុងត្រារបស់គេជាមួយក្លិបនៅមានសុពុលភាពចំនួន៣ឆ្នាំទៀតឯណោះ។
សារព័ត៌មាន Marca បានបង្ហើបថា Valencia ចង់ដាក់សំណើទិញយកខ្សែប្រយុទ្ធវ័យ៣០ឆ្នាំរូបនេះបន្ទាប់ពីឃើញថា Braithwaite លេងយ៉ាងល្អនៅក្រុមជម្រើសជាតិដាណឺម៉ាកសម្រាប់ព្រឹត្តិការណ៍ Euro 2020។
ប៉ុន្តែប្រភពខ្លះបានបង្ហើបថា Valencia ចង់បាន Martin Braithwaite តាំងពីគេនៅលេងឲ្យក្លិប Getafe ម៉្លេះដូច្នេះបើចង់កាត់បន្ថយការចំណាយលើប្រាក់ខែកីឡាករនិងបានប្រាក់មកដោះបំណុលគឺ Barcelona ចាំបាច់ត្រូវលក់គេចេញ។
គេហទំព័រ Transfermarkt បានដាក់តម្លៃខ្លួន Martin Braithwaite ចំនួន៩លានអឺរ៉ូ (ស្មើនឹងប្រមាណ១០.៦លានដុល្លារ) ប៉ុន្តែគេមិនដឹងថា Valencia គ្រោងនឹងស្នើតម្លៃប៉ុន្មានដើម្បីទិញយកគេពី Barcelona នោះឡើយ៕
ប្រភព៖ football-espana