បរទេស៖ ក្លិបបិសាចក្រហម Manchester United បានទទួលសំណើពីក្លិបច្រើនជាង ១០ នៅតំបន់ អឺរ៉ុប សម្រាប់ការផ្ទេរយកខ្សែប្រយុទ្ធ Anthony Elanga មុនទីផ្សារដោះដូរកីឡាករខែ មករា នេះត្រូវបិទបញ្ចប់។
Elanga ដែលបណ្តុះបណ្តាលឡើងចេញពីថ្នាលយុវជនរបស់ Man UTD ផ្ទាល់តែម្តង បានបង្ហាញការចាប់អារម្មណ៍ខ្លាំងកាលពីរដូវកាលមុន។ ប៉ុន្តែនៅរដូវកាលនេះខ្សែប្រយុទ្ធវ័យ ២០ ឆ្នាំហាក់មានការធ្លាក់ចុះបន្តិចក្រោមការដឹកនាំរបស់លោក Erik ten Hag ដោយគិតមកត្រឹមពេលនេះនៅ Premier League រូបគេទើបតែបង្ហាញខ្លួនបាន ៥ប្រកួតប៉ុណ្ណោះ។
ជាមួយគ្នានេះ Man UTD កំពុងមានបំណងចង់ដាក់ឱ្យរូបគេខ្ចីជើងទៅកាន់ក្រុមផ្សេងសិន ដើម្បីអាចមានឱកាសបង្ហាញខ្លួននៅលើទីលានបានជាប់លាប់។ យ៉ាងណាមិញ ក្រោយមានដំណឹងបែបនេះក៏មិនខ្វះក្លិបដែលចង់បានរូបគេដែរ ដោយពេលនេះកំពុងមានក្លិបជាច្រើនដែលចង់បានខ្សែប្រយុទ្ធសញ្ជាតិ ស៊ុយអែត រូបនេះយកទៅរួមក្រុម។
យោងតាមការចុះផ្សាយរបស់អ្នកកាសែត អ៊ីតាលី Fabrizio Romano បានឱ្យដឹងថា ក្លិប Manchester United គឺបានទទួលសំណើពីក្លិបច្រើនជាង ១០ ដែលចង់បាន Elanga ហើយក្នុងនោះមានក្លិបដូចជា Borussia Dortmund, PSV និងក្លិបមួយចំនួនទៀតនៅក្នុងប្រទេស អ៊ីតាលី៕
ប្រភព៖ Metro