អង់គ្លេស៖ ខ្សែប្រយុទ្ធ Cristiano Ronaldo អាចនឹងទទួលបានប្រាក់រង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់ពីក្លិបបិសាចក្រហម Manchester United បន្ទាប់ពីរូបគេបានស៊ុត Hat-Trick យកឈ្នះ Norwich City ៣ ទល់នឹង២ កាលពីថ្ងៃសៅរ៍ទី ១៦ខែមេសាកន្លងទៅនេះ។
ឥលូវនេះ Man UTD កំពុងឈរនៅលេខរៀងទី៥ក្នុងតារាង Premier League ដោយចាញ់ពិន្ទុក្រុមលេខ៤គឺ Spurs តែ៣ពិន្ទុប៉ុណ្ណោះ។
ក្រោយជ័យជំនះដ៏គគ្រឹគគគ្រេងនេះ សារព័ត៌មាន The Sun បានចុះផ្សាយថា អតីតតារាឆ្នើមរបស់ Real Madrid រូបនេះ បានចុះកុងត្រាជាមួយ Manchester United ដោយព្រមព្រៀងគ្នាថាបើសិន Ronaldo រកបាន២០គ្រាប់នៅរដូវកាលនេះ រូបគេនឹងទទួលបានប្រាក់លើកទឹកចិត្តចំនួន ៧៥០០០០ផោន(ស្មើនឹងប្រមាណ ៩៧៨២០០ ដុល្លារ) ផងដែរ។
ជាងនេះទៅទៀត បើសិន Ronaldo រកបានលើសពី២០គ្រាប់នោះ Man UTD នឹងផ្ដល់រង្វាន់ចំនួន ១០០០០០ផោន(ស្មើនឹងប្រមាណ ១៣០០០០ ដុល្លារ) រាល់ពេលស៊ុតបាន១គ្រាប់ ដូច្នេះការស៊ុត Hat-Trick ទល់នឹង Norwich ធ្វើឲ្យ Ronaldo រកបានសរុបចំនួន២១គ្រាប់ហើយដែលធ្វើឲ្យគេទទួលបានប្រាក់រង្វាន់សរុប ៨៥០០០០ ផោន(ស្មើនឹងប្រមាណ ១១០០០០០ ដុល្លារ)។
គួរបញ្ជាក់ផងដែរថានេះជា Hat-Trick ទី៦០ហើយរបស់ Cristiano Ronaldo ក្នុងអាជីពជាកីឡាករបាល់ទាត់កន្លងមករបស់គេ៕
ប្រភព៖ metro