អឺរ៉ុប៖ ខ្សែប្រយុទ្ធក្លិប Real Madrid កីឡាករ Karim Benzema បានឈ្នះពានរង្វាន់កីឡាករល្អជាងគេប្រចាំឆ្នាំរបស់ UEFA កាលពីយប់មិញ។
ជាការពិតណាស់ ក្នុងវ័យ ៣៤ឆ្នាំ Benzema កាលពីរដូវកាលមុនគេទទួលបានជោគជ័យខ្លាំងមែនទែន ដោយ រូបគេបានជួយ Real Madrid ឈ្នះពានធំៗចំនួនពីរដូចជា La Liga និង Champions League ជាពិសេស រូបគេបានក្លាយជាអ្នកទាត់បញ្ចូលទីច្រើនជាងគេនៅក្នុងព្រឹត្តិការណ៍ធំៗទាំងពីរខាងលើទៀតផង ខណៈ ថ្មីៗនេះរូបគេក៏ទើបតែនឹងបានរួមចំណែកជួយក្រុមឈ្នះពានរង្វាន់ UEFA Super Cup ផងដែរ។ សមិទ្ធផលទាំងអស់នេះហើយ បានធ្វើឲ្យគេអាចក្រសោបបាននូវពានរង្វាន់កីឡាករល្អជាងគេប្រចាំឆ្នាំរបស់ UEFA ហើយ រូបគេក៏ត្រូវបានគេរំពឹងថានឹងឈ្នះពានរង្វាន់ Ballon d'Or ផងដែរក្នុងឆ្នាំនេះ។
គួរបញ្ជាក់ផងដែរថា ក្រៅពី Benzema ដែលបានឈ្នះពានកីឡាករល្អ គឺ លោក Carlo Ancelotti ក៏បានឈ្នះពានគ្រូបង្វឹកល្អជាងគេប្រចាំឆ្នាំផងដែរ៕