អឺរ៉ុប៖ ក្រុមសេះបង្គង់ Juventusនឹងព្យាយាមក្នុងការចុះហត្ថលេខាយកអ្នកចាំទី Devid de Gea របស់ក្រុមបិសាចក្រហម Manchester United នៅទីផ្សារដោះដូរកីឡាករនារដូវក្ដៅក្រោយ។
ពិតណាស់ De Geaបានបាត់បង់តំណែងជាអ្នកចាំទីដៃទីមួយសម្រាប់ក្រុមបិសាចក្រហម នៅចុងរដូវកាលមុន។ ប៉ុន្ដែ អ្នកចាំទីវ័យ៣០ឆ្នាំរូបនេះ បានបង្ហាញខ្លួនក្នុងជម្រើស១១នាក់ទៀងទាត់វិញ ពោលចំនួន៤ប្រកួតហើយនៅដើមរដូវកាលថ្មីនេះ ដោយសារតែអ្នកចាំទី Henderson បានឆ្លងកូវីដ-១៩។
ទោះជាយ៉ាងណា អនាគតវែងឆ្ងាយរបស់គេនៅទឹកដី OldTrafford មិនទាន់ច្បាស់លាស់នៅឡើយទេ ខណៈដែលកិច្ចសន្យាបច្ចុប្បន្ននឹងផុតកំណត់នាខែមិថុនា ឆ្នាំ២០២៣។
យោងតាមសារព័ត៌មាន Todofichajesបានឲ្យដឹងថា Juventus មានគម្រោងនាំយកអ្នកចាំទីអេស្ប៉ាញរូបនេះមក នៅរដូវក្ដៅខាងមុខ ដោយសារក្រុមអ៊ីតាលីមួយនេះ ចង់យកមកជំនួសអ្នកចាំទីបច្ចុប្បន្ន Wojciech Szczesny។
គួរឲ្យដឹងដែរថា De Geaបង្ហាញខ្លួនសរុបបាន ៤៤៥ប្រកួតហើយ សម្រាប់ក្រុម Man United ហើយឈ្នះពាន Premier League ម្ដង, FA Cup ម្ដង និង EFL Cup ម្ដង ចាប់តាំងពីផ្ទេរមកពីក្រុម AtleticoMadrid ក្នុងឆ្នាំ២០១១៕
ប្រភព៖ sportsmole