បរទេស៖ ក្លិបអ្នកមានបុណ្យ FC Barcelona ត្រូវបានគេរាយការណ៍ថា គ្រោងនឹងចុះកុងត្រាយក Pierre-Emerick Aubameyang ដែលជាអតីតខ្សែប្រយុទ្ធរបស់ខ្លួនមកពី Chelsea ត្រឡប់មកវិញ។
ជាការពិតណាស់ ចាប់តាំងពី Aubameyang ផ្លាស់ទៅចូលរួមជាមួយ Chelsea កាលពីដើមរដូវកាលកន្លងទៅ គិតមកដល់ពេលនេះស្ថានភាពរបស់គេ គឺមិនសូវល្អនោះទេ, តួយ៉ាងខ្សែប្រយុទ្ធសញ្ជាតិ ហ្គាបុង ទើបតែរកបាន ១គ្រាប់ប៉ុណ្ណោះ ក្នុងការបង្ហាញខ្លួន ៩ ប្រកួតនៅ Premier League។
បើយើងក្រឡេកមកមើល Memphis Depay ឯណេះវិញ បច្ចុប្បន្នក្លិប Barcelona ក៏កំពុងពិចារណាចង់លក់រូបគេចេញផងដែរ ហើយអ្នកកាសែតដ៏ល្បីលោក Gerard Romero បានចុះផ្សាយថា ក្លិប Atletico Madrid ឥឡូវនេះគឺជាគោលដៅដ៏ធំមួយ ដែលចង់បានខ្សែប្រយុទ្ធសញ្ជាតិ ហូឡង់ខាងលើ បន្ទាប់ពី Joao Felix បានចាកចេញទៅ Chelsea ក្នុងលក្ខខណ្ឌខ្ចីជើង។
យោងតាមការចុះផ្សាយដោយកាសែតនៅបរទេសបានឱ្យដឹងថា Barca កំពុងពិចារណានាំយក Aubameyang មកកាន់ទឹកដី Camp Nou វិញ ប្រសិនបើពួកគេអាចលក់ Depay ចេញនៅទីផ្សារដោះដូរខែ មករា នេះបាន៕
ប្រភព៖ Sportskeeda