អឺរ៉ុប៖ ខ្សែប្រយុទ្ធ Darwin Nunez នៃក្លិប Benfica ត្រូវបានគេរាយការណ៍ថាបានយល់ព្រមលក្ខខណ្ឌផ្ទាល់ខ្លួនក្នុងការផ្លាស់មកក្លិបហង្សក្រហម Liverpool ហើយ។
ភាគីលោក Jurgen Klopp កំពុងចរចាជាមួយ Benfica សម្រាប់តម្លៃនៃការផ្ទេររបស់កីឡាករសញ្ជាតិអ៊ុយរ៉ាហ្កាយរូបនេះ ដែល Benfica ទាមទារដល់ទៅ១០០លានអឺរ៉ូ(ស្មើនឹងប្រមាណ ១០៦.១ លានដុល្លារ)ឯណោះ។
ខណៈនោះដែរ Manchester United ក៏ចង់បានខ្សែប្រយុទ្ធរូបនេះដែរប៉ុន្តែ Nunez ចង់ផ្ទេរទៅទឹកដី Anfield ជាងដោយសារក្រុមនេះមានកៅអីលេង Champions League នេះបើយោងតាមសារព័ត៌មាន The Athletic ។
បើសិនការផ្ទេរនេះកើតឡើងមែននោះ Darwin Nunez នឹងបំបែកកំណត់ត្រារបស់ Virgil van Dijk ក្លាយជាកីឡាករដែល Liverpool ចាយលុយក្នុងការផ្ទេរយកច្រើនបំផុត។
គួរបញ្ជាក់ផងដែរថា Darwin Nunez រកបាន៣៦គ្រាប់ ក្នុងការបង្ហាញខ្លួន ៤១ប្រកួតនៅរដូវកាលមុន ដោយគេរំពឹងទុកថា គេនឹងជាអ្នកជំនួសខ្សែប្រយុទ្ធ Sadio Mane ដែលត្រៀមចាកចេញទៅ Bayern Munich ៕
ប្រភព៖ metro