អង់គ្លេស៖ ក្លិបសេដ្ឋីបារាំង Paris Saint-Germain ត្រូវបានគេរាយការណ៍ថាកំពុងចាប់អារម្មណ៍ចង់នាំយកខ្សែការពារ Antonio Rudiger នៃក្លិបតោខៀវ Chelsea។
Rudiger ដែលមានវ័យ២៨ឆ្នាំបានក្លាយជាប្រធានបទយកមកជជែកវែកញែកដោយសារព័ត៌មានខ្លះបានបង្ហើបថាគេអាចនឹងចាកចេញពីទឹកដី Stamford Bridge ស្របពេលកុងត្រាជាមួយ Chelsea នៅសល់តែ១ឆ្នាំទៀតប៉ុណ្ណោះ។
ឥលូវនេះស្រាប់តែលេចឮព័ត៌មានចចាមអារ៉ាមពី Le10Sport ថា PSG ចង់នាំយកខ្សែការពារសញ្ជាតិអាល្លឺម៉ង់រូបនេះនៅឆ្នាំក្រោយដោយគ្មានតម្លៃខ្លួនពោលគឺពេលដែលគេអស់កុងត្រាតែម្ដង។
Chelsea ឯណោះវិញក៏គ្រោងនឹងចរចាបន្តកុងត្រាថ្មីជាមួយគេផងដែរ ដោយលោកគ្រូបង្វឹក Thomas Tuchel មើលឃើញថា Rudiger បានរួមចំណែកជួយក្លិបបានច្រើនទើបចង់រក្សាទុកគេឲ្យបានយូរ។
ក្រៅពីក្លិប PSG គឺ Real Madrid និង Tottenham Hotspur ក៏ទំនងជាចង់បានកីឡាកររូបនេះដែរដូច្នេះបើ Chelsea ពុំដាក់សំណើណាទាក់ចិត្តដល់រូបគេគឺ Antonio Rudiger អាចនឹងចាកចេញ៕
ប្រភព៖ thesun