អឺរ៉ុប៖ អតីតកីឡាករជម្រើសជាតិបារាំងលោក Jean-PierreAdmas បានទទួលមរណភាពនៅអាយុ ៧៣ឆ្នាំ បន្ទាប់ពីសន្លប់បាត់បង់ស្មារតីអស់រយៈពេលដល់ទៅ៣៩ឆ្នាំ។ លោកបានទទួលមរណភាព កាលពីព្រឹកថ្ងៃច័ន្ទ នៅឯងមន្ទីពេទ្យ Nimesស្ថិតក្នុងប្រទេសបារាំង។
ដំបូងឡើយ អតីតខ្សែការពារដែលមានដើមកំណើតនៅប្រទេសសេណេហ្កាល់រូបនេះ មានបញ្ហាជង្គង់កំលុងពេលសិក្សាវគ្គគ្រូបង្វឹក ហើយលោកបានទទួលការវះកាត់ជង្គង់នៅមន្ទីរពេទ្យ Lyon នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ១៩៨២ ប៉ុន្ដែត្រូវបានចាក់ថ្នាំស្ពឹកមិនត្រឹមត្រូវជាហេតុបណ្ដាលឲ្យមានបញ្ហាខួរក្បាលនិងឈានដល់សន្លប់បាត់បង់ស្មារតីតាំងពីពេលនោះតែម្ដង។
លោក Adams ត្រូវបានមើលថែនៅផ្ទះ ដែលស្ថិតនៅទីក្រុង Nimes ភាគខាងត្បូងប្រទេសបារាំង ដោយភរិយារបស់គាត់ឈ្មោះBernadette រហូតដល់ថ្ងៃគាត់ទទួលរមណភាព។
គួរឲ្យដឹងថា លោក Adams ធ្លាប់លេងឲ្យជម្រើសជាតិបារាំងចំនួន២២លើក ហើយគាត់ក៏ធ្លាប់ប្រកបអាជីពនៅក្លិបNimes ចាប់ពីឆ្នាំ១៩៧០-១៩៧៣ និងនៅក្លិប Paris Saint-Germainចាប់ពីឆ្នាំ ១៩៧៧-១៩៧៩ ៕
ប្រភព៖ marca