ចូលឆ្នាំ​៣ថ្ងៃ មានភ្ញៀវជិត៤លាន៦សែននាក់ ចេញដើរកម្សាន្តទូទាំងប្រទេស ខណៈអ្នកខ្លះនៅបង្ហើយថ្ងៃអាទិត្យ១ថ្ងៃទៀត - TrueID

ចូលឆ្នាំ​៣ថ្ងៃ មានភ្ញៀវជិត៤លាន៦សែននាក់ ចេញដើរកម្សាន្តទូទាំងប្រទេស ខណៈអ្នកខ្លះនៅបង្ហើយថ្ងៃអាទិត្យ១ថ្ងៃទៀត

April 18, 2022

ភ្នំពេញ៖ ឯកឧត្ដម ថោង ខុនរដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបញ្ជាក់យ៉ាងដូច្នេះថានាឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែររយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៦ ខែមេសាឆ្នាំ២០២២ នៅទូទាំងប្រទេសទទួលបានភ្ញៀវទេសចរសរុបចំនួន៤,៥៩០,៣២៦នាក់ ក្នុងនោះភ្ញៀវជាតិ៤,៥៦១,៤៧៧នាក់និងភ្ញៀវបរទេសផ្ទៃក្នុង២៨,៨៤៩នាក់។

ក្នុងនោះតួលេខប្រចាំថ្ងៃរួមមាន៖  ថ្ងៃទី១៖ ភ្ញៀវមានចំនួន៨៦២,៨៩៧នាក់, ថ្ងៃទី២៖ ភ្ញៀវមានចំនួន១,៥៧៩,២៥១នាក់, ថ្ងៃទី៣៖ ភ្ញៀវមានចំនួន២,១៤៨,១៧៨នាក់។

គោលដៅទេសចរណ៍សំខាន់ៗរយៈពេល៣ថ្ងៃនេះរួមមាន៖ ខេត្តបាត់ដំបង ៥៦៥,៦១៨នាក់, ខេត្តកំពង់ចាម ៥១៤,៤៤៧នាក់, ខេត្តសៀមរាប ៤០០,៥៩១នាក់, ខេត្តបន្ទាយមានជ័យ ៣៨៨,២៧៣នាក់, ខេត្តព្រៃវែង ៣៨២,៨៦៧នាក់, ខេត្តកំពង់ស្ពឺ ៣៣១,៨០៩នាក់, ខេត្តពោធិ៍សាត់ ២៩៨,០៣៧នាក់, ខេត្តកំពង់ឆ្នាំង ២៧៥,៤០០នាក់, ខេត្តកំពត ២៥៤,២៧០នាក់, ខេត្តព្រះសីហនុ ២៣២,២៦៤នាក់, រាជធានីភ្នំពេញ ២២២,២២០នាក់។

ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុនបានបន្តថា ចរន្តភ្ញៀវនាថ្ងៃចូលឆ្នាំប្រពៃណីជាតិថ្ងៃទី៣នេះនៅបន្តមានភាពផុសផលនិងកុះករកាន់តែច្រើនធៀបនឹងថ្ងៃទី២។ ជាក់ស្តែងតួលេខថ្ងៃទី៣នេះបន្តកើនឡើងរហូតដល់ប្រមាណ ៣៦.០២% ធៀបនឹងថ្ងៃទី២។ សរុបថ្ងៃទី១ និងទី២ចរន្តភ្ញៀវនាពេលចូលឆ្នាំនេះមានចំនួនច្រើនជាងឆ្នាំ២០១៩ដែលមិនទាន់មានជំងឺកូវីដប៉ុន្តែសម្រាប់ថ្ងៃទី៣នេះដោយសារមានភ្លៀងធ្លាក់ពីតិចទៅច្រើននៅគ្រប់ខេត្តធ្វើឲ្យភ្ញៀវមានចំនួនតិចជាងឆ្នាំ២០១៩។ដូច្នេះសរុបរយៈពេល៣ថ្ងៃនៃថ្ងៃចូលឆ្នាំប្រពៃណីជាតិ ឆ្នាំខាល ពុទ្ធសករាជ២៥៦៥ (ជិតឈានចូល២៥៦៦) មហាសករាជ១៩៤៤ ចុល្លសករាជ១៣៨៤នេះមានភ្ញៀវប្រហាក់ប្រហែលនឹង៣ថ្ងៃនៃថ្ងៃចូលឆ្នាំប្រពៃណីជាតិខ្មែរកាលពីឆ្នាំ២០១៩(ដែលមានចំនួនប្រមាណ៤,៧២៦,៦០២នាក់)។

ឯកឧត្ដមបានបន្តទៀតថាបណ្តាខេត្តដែលមានរៀបចំព្រឹត្តិការណ៍សង្រ្កាន្ត កម្មវិធីកម្សាន្តសប្បាយទាំងពេលថ្ងៃនិងពេលយប់ និងគោលដៅទេសចរណ៍ទាំងអស់បានបើកដំណើរការច្រើនទទួលភ្ញៀវទេសចរយ៉ាងច្រើនកុះករដូចបានរៀបរាប់ខាងលើ។

បើតាមឯកឧត្ដម ថោង ខុនតួលេខខាងលើមិនបានរាប់បញ្ចូលប្រជាពលរដ្ឋដែលទៅជួបជុំទទួលអាហារជាលក្ខណៈក្រុមគ្រួសារនៅតាមអាហារដ្ឋាននិងកន្លែងដែលមានរៀបចំជាខ្យុស (Kiosque) អង្គុយលេងញ៉ាំអាហារ និងចំនួនប្រជាពលរដ្ឋជាច្រើនផ្សេងទៀតដែលបានរៀបចំជាកម្មវិធីជួបជុំនៅរាំលេងកម្សាន្ត ជះទឹក លាបម្សៅតាមគេហដ្ឋាននិងតាមភូមិស្រុកផងដែរ។

ទោះបីចរន្តភ្ញៀវមានភាពកកកុញយ៉ាងណាក៏ដោយប៉ុន្តែកម្លាំងមានសមត្ថកិច្ចទាំងនៅថ្នាក់ជាតិ និងគណៈបញ្ជាការឯកភាពរាជធានីខេត្ត រួមជាមួយកម្លាំងប្រជាការពារនៅតាមភូមិឃុំបានខិតខំប្រឹងប្រែងមិនខ្លាចនឿយហត់ក្នុងការធានាសន្តិសុខសុវត្ថិភាព សណ្តាប់ធា្នប់ និងចរាចរណ៍ទាំងនៅតាមផ្លូវជាតិ ទីប្រជុំជនក្នុងទីរួមខេត្តកន្លែងប្រារព្ធកម្មវិធីសង្រ្កាន្ត រួមទាំងគោលដៅទេសចរណ៍នានាទោះបីប្រឈមនឹងអាកាសធាតុក្តៅ និងហាលភ្លៀងពេលខ្លះក៏ដោយ។

មន្ទីរទេសចរណ៍សហការជាមួយមន្ទីរជំនាញនៃរដ្ឋបាលរាជធានីខេត្តបានចាត់តាំងក្រុមការងារចុះប្រចាំការនៅតាមគោលដៅទេសចរណ៍សំខាន់ៗដើម្បីគ្រប់គ្រងចរន្តភ្ញៀវ ការពង្រឹងការអនុវត្តវិធានសុវត្ថិភាព និង SOP ក្នុងការទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩និងបញ្ចៀសការលក់ឡើងថ្លៃហួសហេតុ និងបញ្ហាបរិស្ថានអនាម័យជាដើមដែលក្នុងរយៈពេល៣ថ្ងៃនេះហាក់មិនមានបាតុភាពធំដុំណាមួយកើតឡើងទេ។

ជារួម ក្រោមម្លប់នៃសន្តិភាពនិងសន្តិសុខពេញលេញលើផ្ទៃប្រទេស និងការអភិវឌ្ឍរីកចម្រើនឥតឈប់ឈរផ្នែកហេដ្ឋារចនាសម្ពននិងភាពជឿជាក់លើប្រសិទ្ធភាពនៃការចាក់វ៉ាក់សាំងបានធ្វើឲ្យប្រជាពលរដ្ឋមានឱកាសដើរកម្សាន្តនៅគ្រប់គោលដៅទេសចរណ៍ទូទាំងប្រទេសនាឱកាសពិធីបុណ្យចូលឆ្នាំថ្មីនេះ បើទោះបីតំបន់ខ្លះស្ថិតនៅដាច់ស្រយាលឬនៅឆ្ងាយពីទីប្រជុំជនក្នុងបរិបទដែលពិភពលោកនៅបន្តប្រឈមនឹងជំងឺកូវីដ-១៩នៅឡើយ៕

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...