ភ្នំពេញ៖ ការស្រាវជ្រាវថ្មីមួយរបស់Women’s World Banking បានទទួលស្គាល់ថា «គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី មិនត្រឹមតែផ្តល់សេវាកម្មល្អដល់អតិថិជនរបស់ខ្លួនប៉ុណ្ណោះទេថែមទាំងកំពុងលើកកម្ពស់យេនឌ័រនៅក្នុងប្រទេសកម្ពុជា តាមរយៈការវិនិយោគលើអ្នកដឹកនាំដែលជាស្ត្រីនិងអតិថិជនជាស្រ្តីទៀតផង» នេះបើយោងតាមរបាយការណ៍របស់ Women’s World Banking ។
Women’s World Banking ជាអង្គការអន្តរជាតិដែលធ្វើការគាំទ្រនិង វិនិយោគលើដំណោះស្រាយផ្នែកហិរញ្ញវត្ថុ និងគោលនយោបាយនានា ក្នុងប្រទេសកំពុងអភិវឌ្ឍន៍ដើម្បីធានាឱ្យបានស្ថិរភាពសេដ្ឋកិច្ចនិងការរីកចម្រើនកាន់តែប្រសើរឡើង សម្រាប់ស្ត្រីលើពិភពលោក បានធ្វើការស្រាវជ្រាវក្នុងពេលថ្មីៗ ហើយរកឃើញថា ការវិនិយោគបុគ្គលិក និងថ្នាក់ដឹកនាំដែលជាស្រ្តីជាពិសេសអតិថិជនស្រ្តី គឺជា DNA របស់ អេ អឹម ខេ។ គ្រប់សកម្មភាព ឬគម្រោងរបស់ អេ អឹម ខេ បានផ្តល់អាទិភាពដល់បុគ្គលិកថ្នាក់គ្រប់គ្រងជាស្រ្តីនិងការលើកកម្ពស់យេនឌ័រនៅក្នុងស្ថាប័នរបស់ខ្លួន។
«ការលើកកម្ពស់ភាពជាអ្នកដឹកនាំរបស់ស្រ្តីនៅអេ អឹម ខេ មិនត្រូវបានចាត់ទុកជាបញ្ហាស្ត្រីនោះទេ។ តែផ្ទុយទៅវិញវាជាការយកចិត្តទុកដាក់ខ្ពស់របស់ស្ថាប័ន។កត្តានេះ បានក្លាយទៅជាការអភិវឌ្ឍន៍សមត្ថភាព និង វិជ្ជាជីវៈសម្រាប់បុគ្គលិកទាំងអស់ដោយផ្តោតលើការបណ្តុះបណ្តាលនិងការជ្រើសរើសបុគ្គលិកខាងក្នុងស្ថាប័ន ដោយមានការបើកទូលាយក្នុងការទទួលយកមតិយោបល់ គំនិតច្នៃប្រឌិតការទំនាក់ទំនងល្អជាមួយបុគ្គលិក និងនាយកដ្ឋាននានាចាប់ពីបុគ្គលិកជួរមុខរហូតដល់ប្រធាននាយកប្រតិបត្តិ» នេះបើយោងតាមរបាយការណ៍របស់ Women’s World Banking។
របាយការណ៍បានបង្ហាញទៀតថា «បើទោះបីជាទំហំកម្ចីរបស់អេ អឹម ខេ មានការកើនឡើង ស្របពេលដែលការវិនិយោគលើបណ្តាញ និងបច្ចេកវិទ្យាថ្មីៗសម្រាប់ប្រព័ន្ធស្នូលធនាគាររបស់ខ្លួនក្តីក៏ អេ អឹម ខេ នៅតែប្តេជ្ញាចិត្តខ្ពស់ក្នុងការលើកកម្ពស់ និងវិនិយោគលើស្រ្តីដែលជាអ្នកដឹកនាំ និងអតិថិជនដដែល»។
អេ អឹម ខេ គឺជាស្ថាប័នមួយដែលមានវប្បធម៌បើកទូលាយមានតម្លាភាព មានការច្នៃប្រឌិត និង ការអភិវឌ្ឍន៍។ បុគ្គលិក អេ អឹម ខេទាំងអស់មានការប្តេជ្ញាចិត្តខ្ពស់ក្នុងការទទួលយកគំនិតថ្មីៗ។ជាការតបស្នងមកវិញគ្រឹះស្ថានក៏មានការតាំងចិត្តខ្ពស់ផងដែរ ក្នុងការធ្វើឱ្យមានតម្លាភាពចំពោះបុគ្គលិកគ្រប់ជាន់ថ្នាក់។ជាលទ្ធផលបុគ្គលិក អេ អឹម ខេ បានចាត់ទុកថា អេ អឹម ខេ ជាគ្រឹះស្ថានសម្រាប់រៀនសូត្រនិង អភិវឌ្ឍ ទាំងចំណោះដឹង និងជំនាញ។
របាយការណ៍នេះក៏បានបង្ហាញផងដែរថា «អេ អឹម ខេ គឺជាស្ថាប័នមួយដែលឱ្យតម្លៃខ្ពស់ទៅលើបុគ្គលិករបស់ខ្លួន គ្រប់ជាន់ថ្នាក់ហើយមិនតែប៉ុណ្ណោះ អេ អឹម ខេ ក៏បានបង្កើតឱ្យមាននូវវប្បធម៌មួយ គឺការជួយជ្រោមជ្រែងបុគ្គលិក ក្នុងការអភិវឌ្ឍន៍សមត្ថភាពនិងអាជីពរបស់ពួកគេ។ បើទោះបីជា អេ អឹម ខេ បានដឹងយ៉ាងច្បាស់ថា ស្ថាប័ន ដទៃជាច្រើនបន្តប្រកួតប្រជែងទាញយកបុគ្គលិករបស់ខ្លួនជាពិសេសបុគ្គលិកផ្នែកលក់ យ៉ាងណាក៏ដោយ អេ អឹម ខេ នៅតែបន្តធ្វើការវិនិយោគលើការអភិវឌ្ឍន៍សមត្ថភាពបុគ្គលិកព្រោះ អេ អឹម ខេ ជឿជាក់ថាវាជារឿងសំខាន់បំផុត សម្រាប់ជួយដល់បុគ្គលិក ស្ថាប័ន និងវិស័យទាំងមូល។ បើងាកមកមើលអត្រានៃការចាកចេញពី អេ អឹម ខេ វិញ គឺស្ថិតនៅកម្រិតទាបធៀបនឹងមធ្យមភាគនៅក្នុងវិស័យនេះ។»
អេ អឹម ខេ មានវប្បធម៌ក្នុងការលើកកម្ពស់ស្រ្តីជាអ្នកដឹកនាំនិងយល់ពីកត្តាប្រឈមក្នុងការរីកចម្រើនរបស់ពួកគាត់។ ហើយនេះគឺជា ការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ដែលវប្បធម៌មួយនេះ គឺជាមូលដ្ឋានគ្រឹះរបស់ស្ថាប័នក្នុងការអភិវឌ្ឍន៍ស្រ្តីក្នុងភាពជាអ្នកដឹកនាំ។
របាយការណ៍បានបញ្ជាក់ទៀតថា «បើមើលពីវប្បធម៌របស់អេ អឹម ខេ មិនត្រឹមតែធ្វើការវិនិយោគ និងលើកកម្ពស់ស្រ្តីជាអ្នកដឹកនាំនៅក្នុងស្ថាប័នតែប៉ុណ្ណោះទេប៉ុន្តែ អេ អឹម ខេ ក៏វិនិយោគ និងលើកកម្ពស់អតិថិជនជាស្រ្តីផងដែរ។»