ក្រោយ​​​​លេច​ករណី​​​​​បំផុស​​​​ឱ្យ​​​​ទិញ​​​ទំនិញ​​​ត្រៀម​​​ នាយក​​រដ្ឋ​​មន្ត្រី​ ​​បញ្ជាក់​​​ជា​​ថ្មី​​​ថា ​«គ្មាន​បទ​បញ្ជា​ឱ្យបិទ​ក្រុង​ភ្នំ​ពេញ​» ​ឡើយ - TrueID

ក្រោយ​​​​លេច​ករណី​​​​​បំផុស​​​​ឱ្យ​​​​ទិញ​​​ទំនិញ​​​ត្រៀម​​​ នាយក​​រដ្ឋ​​មន្ត្រី​ ​​បញ្ជាក់​​​ជា​​ថ្មី​​​ថា ​«គ្មាន​បទ​បញ្ជា​ឱ្យបិទ​ក្រុង​ភ្នំ​ពេញ​» ​ឡើយ

December 7, 2020

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃ ០៧ធ្នូនេះ បានប្រកាសភ្លាមៗថា មិនមានការស្នើសុំដាក់ប្រទេស​ក្នុងគ្រាមាន​អាសន្ន​ទាំងមូលឬមួយផ្នែកណានោះឡើយ ហើយក៏នឹងមិនមានការចេញបទបញ្ជាឱ្យបិទរាជធានីភ្នំពេញដែរ។

ការបញ្ជាក់របស់សម្តេចនាយករដ្ឋមន្ត្រីយ៉ាងដូច្នេះ ធ្វើឡើងក្រោយលេច​ឮពាក្យ​ចចាម​អារាមថានឹងមានករណី«បិទ​ប្រទេស ឬក្រុង» ​ប៉ុន្មានថ្ងៃខាងមុខនេះ ហើយមានការបំផុសឱ្យមនុស្សទិញទំនិញត្រៀមទុក។

សម្តេចសង្កត់ធ្ងន់ថា៖ «ពេញមួយថ្ងៃនេះ ការបំភ្លើសនានាបានកើតឡើងថា នឹងមានការបិទប្រទេសឬបិទរាជធានី​ភ្នំពេញ​ក្នុងពេលប៉ុន្មានថ្ងៃខាងមុខនេះហើយបំផុសឱ្យមនុស្សទិញទំនិញត្រៀមទុក។ ចំពោះមុខពាក្យភូតកុហក​បែប​នេះក្នុងឋានៈខ្ញុំជាប្រមុខនៃរាជរដ្ឋាភិបាល ខ្ញុំសូមបញ្ជាក់ជូនថានឹងមិនមានការស្នើសុំដាក់ប្រទេសក្នុងគ្រាមានអាសន្ន​ទាំង​មូល ឬមួយផ្នែកណានោះឡើយហើយក៏នឹងមិនមានការចេញបទបញ្ជារឱ្យបិទរាជធានីភ្នំពេញ ដូចការឃោសនា​ភូត​កុហករបស់ជនអាក្រក់នោះដែរ។»

នាយករដ្ឋមន្ត្រីបន្ថែមថា៖ «ខ្ញុំសូមអំពាវនាវប្រជាពលរដ្ឋស្ងប់ស្ងាត់កុំភ័យស្លន់ស្លោនិងសូមចូលរួមជាមួយរាជ​រដ្ឋាភិបាល​ក្នុងការប្រយុទ្ធប្រឆាំងជាមួយកូវីដ១៩តាមការណែនាំរបស់ក្រសួងសុខាភិបាល។»

ជាការកត់សម្គាល់ សម្តេចនាយករដ្ឋមន្ត្រីថ្មីៗបានលើកឡើងពីការត្រៀមបំរុងទុកនូវលិខិតនានាដើម្បីនឹងសុំព្រះរាជ​ក្រឹត្យ​ដាក់ប្រទេសក្នុងគ្រាមានអាសន្ន។ បែបនេះក្តីសម្តេចបញ្ជាក់ថា មិនចង់ទៅដល់ចំណុចនេះទេ ព្រោះករណីនេះ​អាច​ប៉ះពាល់ធំពេកដល់សេដ្ឋកិច្ច និងជីវភាពប្រជាជន​។

សម្តេច៖ «ព្រឹកមិញ ខ្ញុំបាននិយាយដល់ការត្រៀមបំរុងទុកនូវលិខិតនានាដើម្បីនឹងសុំ​ព្រះរាជក្រឹត្យដាក់ប្រទេស​ក្នុងគ្រា​មានអាសន្ន។ ក្នុងពេល​ជាមួយគ្នាខ្ញុំក៏បានបញ្ជាក់ថា ខ្ញុំមិនចង់ទៅដល់ចំណុចនេះទេ ព្រោះវាប៉ះពាល់ធំពេក​ដល់​សេដ្ឋកិច្ច​ និងជីវភាពប្រជាជន ដែលខ្ញុំស្នើសុំឱ្យមានការចូលរួមពីប្រជាជន ដើម្បីប្រយុទ្ធប្រឆាំង​ជាមួយ​កូវីដ​១៩​ ជំនួស​វិញ»៕

ទាក់ទងជាមួយ:
ជីវិត
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...