កណ្តាល៖ លោក ច្រឹក ស្រ៊ងនាយករដ្ឋបាលសាលាស្រុក តំណាងលោក អេង សុវិចិត្រ អភិបាលនៃគណ:អភិបាលស្រុកបានអញ្ជើញដឹកនាំក្រុមគ្រូពេទ្យចុះយកសំណាកធ្វើតេស្តរហ័សជូនដល់លោកគ្រូ អ្នកគ្រូនៃវិទ្យាល័យនិងអនុវិទ្យាល័យទូទាំងស្រុក ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ ដើម្បីធានាសុវត្ថិភាពនៃការបើកដំណើរការសាលារៀនឡើងវិញ។
យោងអនុសាសន៍ដឹកនាំដ៏ថ្លៃថ្លារបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីណែនាំស្តីពីការបង្រៀន និងរៀនតាមបណ្តុំសម្រាប់គ្រឹះស្ថានសិក្សាសាធារណ:និងឯកជននៅភូមិសាស្រ្តដែលមានហានិភ័យទាប។
ដោយទទួលបានការឯកភាពដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមគង់ សោភ័ណ្ឌ អភិបាលនៃគណ:អភិបាលខេត្តកណ្តាល រដ្ឋបាលស្រុកកោះធំ បានពិនិត្យនិងរៀបចំបើកឲ្យដំណើរការឡើងវិញនូវសាលារៀនក្នុងស្រុកមានដូចជា វិទ្យាល័យ អនុវិទ្យាល័យនិងបឋមសិក្សាជាដើម ចាប់ពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ នេះតទៅ។
រដ្ឋបាលខេត្តកណ្តាលក៏បានចេញសេចក្តីជូនដំណឹងស្តីពីការអនុញ្ញាតឱ្យបើកដំណើរការឡើងវិញនូវគ្រឹះស្ថានសាធារណ:និងឯកជនក្នុងភូមិសាស្ត្រខេត្តកណ្តាល សម្រាប់កម្រិតអនុវិទ្យាល័យ និងវិទ្យាល័យចាប់ពីថ្នាក់ទី៩ ថ្នាក់ទី១០ ថ្នាក់ទី១១ និងថ្នាក់ទី១២ដែលបានត្រៀមលក្ខណៈសម្បត្តិគ្រប់គ្រាន់ស្របតាមគោលការណ៍ប្រតិបត្តិស្តង់ដា (SOP) របស់ក្រសួងអប់រំ យុវជន និងកីឡា និងការណែនាំរបស់រដ្ឋបាលខេត្តចាប់ពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១នេះតទៅ៕