បរទេស៖ លោក Elon Musk បានស្ម័គ្រចិត្តលក់ភាគហ៊ុន Tesla មួយចំនួនរបស់គាត់ឥឡូវនេះ ប្រសិនបើអង្គការសហប្រជាជាតិ (UN)អាចបង្ហាញថា ប្រាក់៦ពាន់លានដុល្លារអាចនឹងដោះស្រាយភាពអត់ឃ្លានរបស់ពិភពលោក។ ការអត្ថាធិប្បាយរបស់គាត់បានកើតឡើងបន្ទាប់ពីនាយកកម្មវិធីស្បៀងអាហារពិភពលោក (WFP) របស់អង្គការសហប្រជាជាតិ គឺលោក David Beasley ចង់ឲ្យកំពូលអ្នកមានបំផុត ជាពិសេសលោក Jeff Bezos និង Musk បោះជំហានឡើងឥឡូវនេះ នៅលើមូលដ្ឋានតែមួយដើម្បីដោះស្រាយភាពអត់ឃ្លានរបស់ពិភពលោក។
លោក Beasley បាននិយាយថា៖ «ប្រាក់៦ពាន់លានដុល្លារដើម្បីជួយមនុស្ស៤២លាននាក់ ដែលនឹងប្រាកដជាស្លាប់ ប្រសិនបើយើងមិនទៅដល់ពួកគេ។វាមិនមែនជារឿងស្មុគស្មាញនោះទេ»។ តម្លៃនោះស្មើនឹងប្រហែល២ភាគរយនៃទ្រព្យសម្បត្តិសុទ្ធរបស់លោក Musk។
ដោយបង្ហោះនៅលើបណ្ដាញសង្គម Twitterកាលពីថ្ងៃអាទិត្យ នាយកប្រតិបត្តិក្រុមហ៊ុន Tesla បាននិយាយថា៖ «ប្រសិនបើ WFP អាចពិពណ៌នានៅលើបណ្ដាញសង្គម Twitterថា តើប្រាក់៦ពាន់លានដុល្លារនឹងដោះស្រាយភាពអត់ឃ្លានរបស់ពិភពលោកបែបណាខ្ញុំនឹងលក់ភាគហ៊ុន Tesla ឥឡូវនេះ ហើយធ្វើរឿងនេះ»។ លោកបានបន្ថែមថា៖«ប៉ុន្តែវាត្រូវតែជាគណនេយ្យប្រភពបើកចំហ ដូច្នេះសាធារណជនមើលឃើញយ៉ាងច្បាស់អំពីរបៀបដែលប្រាក់ត្រូវបានចំណាយ»។
លោក Beasley បានឆ្លើយតបទៅនឹងការបង្ហោះរបស់លោក Musk នៅលើ Twitter ដោយនិយាយធានាដល់មហាសេដ្ឋីរូបនេះថា WFPមានប្រព័ន្ធសម្រាប់តម្លាភាព និងគណនេយ្យប្រភពបើកចំហ។ លោក Beasley បានបន្ថែមទៀតថា ប្រាក់៦ពាន់លានដុល្លារនឹងមិនដោះស្រាយភាពអត់ឃ្លានរបស់ពិភពលោកទេប៉ុន្តែវានឹងបង្ការអស្ថិរភាពភូមិសាស្ត្រនយោបាយ ការធ្វើចំណាកស្រុកដ៏ធំនិងជួយសង្គ្រោះមនុស្សចំនួន៤២លាននាក់ នៅលើមាត់ជ្រោះនៃភាពអត់ឃ្លាន៕
ប្រភព: CNN