ជប៉ុន៖យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNAនៅព្រឹកថ្ងៃច័ន្ទនេះបានឱ្យដឹងថាជប៉ុនគ្រោងនឹងបំពាក់រ៉ាដា Aegis ដ៏មានឥទ្ធិពលថ្មីរបស់ខ្លួននៅលើនាវាចម្បាំង ដើម្បីបង្កើនសមត្ថភាពប្រព័ន្ធការពារជាតិ ក្នុងការទប់ទល់ប្រឆាំងនឹងមីស៊ីលផ្លោងដែលបាញ់ដោយកូរ៉េខាងជើង។
ក្រុមប្រឹក្សាសន្តិសុខជាតិបានដាក់សំណើទៅកាន់នាយករដ្ឋមន្រ្តីជប៉ុន លោក Yoshihide Suga ស្តីពីគម្រោងបំពាក់រ៉ាដាមុនដំណាច់ឆ្នាំនេះ ហើយលោកក៏នឹងមានចំណាត់ការអនុម័តផែនការនេះផងដែរ។ ការបំពាក់រ៉ាដាAegis ថ្មីនេះ ត្រូវបានគេរំពឹងថា នឹងចំណាយទឹកប្រាក់អស់ប្រហែល ២ពាន់លានដុល្លារ សម្រាប់ការសាងសង់ និងអាចត្រូវចំណាយរយៈពេល ៣ឆ្នាំ ដើម្បីបញ្ចប់។
គួរជម្រាបឱ្យដឹងថាជាមួយនឹងការបំពាក់ប្រព័ន្ធរ៉ាដា SPY-7 បន្ថែមពីលើនាវាចម្បាំង វានឹងធ្វើឱ្យរ៉ាដា Aegis មានឥទ្ធិពលខ្លាំងក្នុងការចាប់សញ្ញាមីស៊ីលផ្លោងដល់ទៅបីដងឯនោះ។ ហើយគម្រោងបំពាក់រ៉ាដា Aegis នេះទៀតសោត នឹងអនុញ្ញាតឱ្យជប៉ុនមានសមត្ថភាពខ្លាំងពូកែក្នុងការស្ទាក់ចាប់និងប្រឆាំងទប់ទល់ទៅនឹងមីស៊ីលក្នុងលំហ ដែលបាញ់ដោយកូរ៉េខាងជើង ឬគូប្រជែងដ៏មានសក្តានុពលផ្សេងទៀតរបស់ជប៉ុនដូចជាចិន និងរុស្ស៊ីជាដើម៕