រាជធានីភ្នំពេញ៖ យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខណ្ឌដូនពេញនៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា កន្លងមក អាជ្ញាធររាជធានីភ្នំពេញ បានចុះអនុវត្តការរៀបចំសណ្តាប់ធ្នាប់ និងរបៀបរៀបរយនៅលើទ្រូងផ្លូវនិង ចិញ្ចើមផ្លូវសាធារណៈបានស្អាតជាប្រចាំ។ ប៉ុន្តែ បន្ទាប់ពីបញ្ចប់ការបិទខ្ទប់រាជធានីភ្នំពេញមកអាជ្ញាធរ ក៏បានសង្កេតឃើញថា មានបងប្អូនប្រជាពលរដ្ឋមួយចំនួនតូចបានយករថយន្តមកដាក់តាំងលក់នៅលើទ្រូងផ្លូវ និង ចិញ្ចើមផ្លូវសាធារណៈដែលធ្វើឱ្យបាត់បង់សោភ័ណភាព សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងបណ្តាលឱ្យមានការកកស្ទះចរាចរណ៍តាមដងផ្លូវយ៉ាងខ្លាំង។
ក្នុងនោះ ដើម្បីរក្សាបាននូវ សណ្តាប់ធ្នាប់ របៀបរៀបរយ សោភ័ណភាព និងជាប្រយោជន៍សាធារណៈ រដ្ឋបាលខណ្ឌដូនពេញ សូមជូនដំណឹងដល់លោក-លោកស្រី និង សម្រេចដាក់ចេញ ជាគោលការណ៍ដូចខាងក្រោម៖
១.មិនអនុញ្ញាតឱ្យមានការដាក់តាំងលក់និងចតរថយន្តគ្រប់ប្រភេទនៅលើទ្រូងផ្លូវ និងចិញ្ចើមផ្លូវសាធារណៈជាដាច់ខាតចាប់ពីពេលនេះតទៅ។
២.រដ្ឋបាលខណ្ឌដូនពេញទុករយៈពេល០៣ថ្ងៃ គិតចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី ១២ ខែមិថុនាឆ្នាំ២០២១ដើម្បីឱ្យលោក-លោកស្រីយករថយន្តចេញពីទីតាំងខាងលើនេះជាកំហិត។
៣.ក្នុងករណីលោក-លោកស្រី នៅតែមិនអនុវត្តតាមសេចក្តីជូនដំណឹង ក៏ដូចជាការណែនាំរបស់រដ្ឋបាលខណ្ឌដូនពេញទេនោះរដ្ឋបាលខណ្ឌដូនពេញនឹងចុះអនុវត្តវិធានការរដ្ឋបាលដោយមិនទទួលខុសត្រូវរាល់ការខូចខាតបាត់បង់ទ្រព្យសម្បត្តិលោក-លោកស្រីឡើយ។
ទទួលបានសេចក្ដីជូនដំណឹងនេះ យើងខ្ញុំសង្ឃឹមយ៉ាងមុតមាំថា លោក-លោកស្រី នឹងសហការជាមួយរដ្ឋបាលខណ្ឌដូនពេញ ក្នុងការអនុវត្តន៍ឱ្យមានប្រសិទ្ធភាព និងចាត់ចែងតាមការគួរ ៕